មន្រ្តីឧទន្យានុររក្សនៃក្រសួងបរិស្ថាន និងរដ្ឋបាលមូលដ្ឋានសហការបង្រ្កាបករណីកាប់រានដីព្រៃ នៅក្នុងភូមិសាស្រ្តខេត្តរតនគីរី

13-10-2025 11:27

(រតនគិរី)៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលដំបូងខេត្ត ជួន សុបញ្ញា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានចូលរួមសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអណ្ដូងមាស បានចុះពិនិត្យ បង្ក្រាប ស្រាវជ្រាវ ករណីកាប់រានដីធ្វើកម្មសិទ្ធខុសច្បាប់ នៅចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តររនគិរី។ ដោយមានចូល រួមរបស់ក្រុមអ្នកសារព័ត៌មានផងដែរ។

ជាលទ្ធផលក្រុមការងារបានចុះពិនិត្យដល់កន្លែងកើតហេតុ បានប្រទះឃើញមានការកាប់រានទន្រ្ទានដីព្រៃ ក្នុងទំហំដីប្រមាណ ០២ហិកតា ត្រង់ចំណុច អូរប្រយ៉ា ស្ថិតក្នុងភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូង មាស ខេត្តរតនគិរី ក្នុងឧទ្យានជាតិវីរៈជ័យ។ ក្រុមការងារចុះប្រតិបត្តិការខាងលើដោយពុំបានប្រទះឃើញមានជនសង្ស័យនៅ កន្លែងកើតហេតុទេ។

ក្រុមការងារបន្តទប់ស្កាត់បទល្មើសខាងលើ នាថ្ងៃទី១១ តុលា ឆ្នាំ២០២៥ បានចុះទៅដល់មូលដ្ឋានជាថ្មី នាភូមិតាណង ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីស្រាវជ្រាវរកជនល្មើស។ ក្រុមការងារបានអញ្ជើញបុគ្គលពាក់ព័ន្ធចំនួន ០២រូប ដើម្បីសាកសួរបំភ្លឺ។ បុគ្គល២រូបខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅកាប់ព្រៃនៅ កន្លែងកើតហេតុពិតប្រាកដមែន ដោយបានស៊ីឈ្នួលពីជនសង្ស័យ ឈ្មោះ រិទ្ធ ដែលមានតួនាទីជាស្មៀនឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

បច្ចុប្បន្នក្រុមការងារ កំពុងរៀបចំកំណត់ហេតុ និងបន្តកោះហៅជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕