អភិបាលរាជធានីភ្នំពេញ៖ អាជ្ញាធរយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដោយមិនទុកឲ្យពួកគាត់ឯកកោឡើយ
13-10-2025 12:04
(ភ្នំពេញ)៖ មនុស្សវ័យចាស់ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្លាំងណាស់ គឺមិនទុកឱ្យមនុស្សវ័យចាស់រស់នៅក្នុងភាពឯកកោឡើយ។ បើមានការខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ ទាក់ទងមកសង្កាត់ខណ្ឌ នោះអាជ្ញាធរនឹងជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។
នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលមនុស្សវ័យចាស់ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ ខែតុលា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
លោក ឃួង ស្រេង បានថ្លែងថា សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់ ពោលគឺមិនទុកឱ្យមនុស្សវ័យចាស់ រស់នៅក្នុងភាពឯកកោឡើយ ហើយក៏មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយដែរ។ បើគណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គោលនយោបាយនេះ នៅតែអនុវត្តជារៀងរហូត។
លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះមនុស្សចាស់ ជាមួយនិងការគៀងគរសប្បុរសជនរកចំណូល ជួយដល់មនុស្សចាស់ មើលការខុសត្រូវមនុស្សចាស់ មានបញ្ហាអ្វីមួយត្រូវជួយពួកគាត់ភ្លាម ពោលគឺមិនត្រូវទុកឱ្យពួកគាត់ទទួលនូវភាពឯកកោឡើយ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានសូមឱ្យលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។
លោក ឃួង ស្រេង បានបន្តទៀតថា ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមក បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងអបអរសាទរ ខួបលើកទី២៧ នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៥ក្រោមប្រធានបទ «មនុស្សចាស់ដោយសេចក្តីថ្លៃថ្នូរ »។
លោក ឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលផ្តល់ជូនលោក អ៊ុំ លោកពូ អ្នកមីង វ័យចាស់ ទាំង៥២៥នាក់ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុង០១រូបៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម,ភួយ០១,ក្រមា០១, ត្រីខ ០១យូរ, មី ០១កេសតូច,ទឹកបរិសុទ្ធ ០១កេស និងថវិកា ចំនួន៥០,០០០រៀល។
លោក រឿន រិទ្ធីពង្ស ប្រធានស្តីទីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានថ្លែងថា មនុស្សវ័យចាស់ សរុបនៅក្នុងរាជធានីភ្នំពេញ មានចំនួន ១៤៥,៨៩៩នាក់ ស្រី៧៧,២១៤នាក់។ មនុស្សវ័យចាស់ ទទួលបានបណ្ណសមធម៌ សរុបចំនួន១៦,៦៨៥នាក់ (ក្នុងគ្រួសារសរុបចំនួន៣៣,៩៥០គ្រួសារ)។ មនុស្សវ័យចាស់ទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារចំនួន១៤,៦១៨នាក់។
លោក រឿន រិទ្ធីពង្ស បានបញ្ជាក់ថា បច្ចុប្បន្នមនុស្សវ័យចាស់ស្ថិតក្នុងសមាគមមនុស្សចាស់ តាមសង្កាត់សរុប មានចំនួន ១៤៥,៨៩៩នាក់ (ស្រី៧៧,២១៥នាក់) មានសមាគមដំណើរការសរុប៨៧សមាគម ក្នុងចំណោម ១០៥សមាគម ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
មនុស្សវ័យចាស់ ជាអតីតយុទ្ធជនកំពុងទទួលរបបគោលនយោបាយ សរុបចំនួន១៤,៧៦៣នាក់និងមនុស្សវ័យចាស់ ជាអតីតមន្ត្រីរាជការស៊ីវិល ទទួលបានរបបគោលនយោបាយ សរុបចំនួន១៧,៦៩២នាក់៕