អភិបាលខេត្តតាកែវ បញ្ជាឱ្យរុះរើរបងដែលសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ក្នុងស្រុកត្រាំកក់

13-10-2025 12:06

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឱ្យម្ចាស់ទីតាំងសង់របងរំលោភដីចំណីស្ទឹងស្លាគូ ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ រុះរើរបងជាបន្ទាន់ដោយទុកពេលឱ្យរុះរើរយៈពេល១៤ថ្ងៃ។

នេះជាចំណាត់ការរបស់អភិបាលខេត្ត ពេលអមដំណើរជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះអភិបាលខេត្តតាកែវ បានថ្លែងថា «ការសាសង់របងថ្មដែលមានប្រវែង ១១៩ម៉ែត្រនេះ បានប៉ះពាល់ដីចំណីស្ទឹង ដោយកន្លែងខ្លះសាងសង់ដោយទុកចំណីស្ទឹងបួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង៣០ម៉ែត្រ»

លោក វ៉ី សំណាង បានបន្តថា ការសាងសង់របងនេះម្ចាស់ទីតាំងមិនបានសុំការអនុញ្ញាតពីអាជ្ញាធនោះទេ គឺបានសាងសង់តាមបណ្ណកម្មសិទ្ធិដែលខ្លួនមាន ហើយការចេញបណ្ណកម្មសិទ្ធនេះ វាគឺជាកំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងបណ្ណដែលរួមមានមេភូមិមេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តែងតែសហការជាមួយក្រសួងធនធានទឹក រាល់ការចេញបណ្ណកម្មសិទ្ធិដែលពាក់ព័ន្ធចំណីព្រែក ស្ទឹង បឹងបួរទាំងអស់។ លោកថា ករណីការសាសងសង់របងប៉ះពាល់ដីចំណីស្ទឹងស្លាគូនេះ ក្រសួងធបធានទឹក នឹងបញ្ជូនមន្រ្តីមកសហការជាមួយអាជ្ញាធខេត្ត និងម្ចាស់ទីតាំង ដើម្បីរុំរើរបងចេញ ហើយសុំគោលការណ៍ទៅថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីចេញបណ្ណថ្មី៕