បទយកការណ៍៖ ជើងហោះហើរត្រង់មិនឈប់ ភ្នំពេញ-អាប៊ូដាប៊ី បើកជើងមេឃទាញទេសចរណ៍ និងការវិនិយោគមកកម្ពុជា
13-10-2025 12:05
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោងមិនឈប់ និងមាន ៤ជើង ក្នុងមួយសប្តាហ៍។
កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។
ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងបង្កើនជើងហោះហើរភ្នំពេញ-អាប៊ូដាប៊ី ដល់ទៅ ៦ជើង ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។
ស្របពេលជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
Etihad ហោះហើរទៅកាន់គោលដៅជាង៩០ នៅទូទាំងអាស៉ី អូស្ត្រាលី អឺរ៉ុប មជ្ឈិមបូព៌ា និងអាមេរិកខាងជើង។ ចំនួននេះមិនរាប់បញ្ចូលគោលដៅរាប់ពាន់ ដែលមានតាមរយៈក្រុមហ៊ុនអាកាសចរណ៍ដៃគូរបស់ពួកគេទេ។
លោក Arik De ប្រធានផ្នែកចំណូល និងពាណិជ្ជកម្មនៃក្រុមហ៊ុន Etihad Airways បានឲ្យដឹងថា កម្ពុជា គឺជាប្រទេសដែលស្រស់ស្អាត។
លោកបានអះអាងថា ក្រៅពីសន្តិភាពពេញលេញ និងភាពរីកចម្រើនដ៏ឆាប់រហ័សនោះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ តែងតែផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅគ្រប់គោលដៅ ដែលក្រុមហ៊ុនប្រតិបត្តិការ។ លោកបានថ្លែងដែរថា គោលដៅទេសចរណ៍នៅកម្ពុជា ក្រៅពីភ្នំពេញ គឺខេត្តសៀមរាប តំបន់បេតិកភណ្ឌ ដែលមានប្រាសាទអង្គរវត្ត និងខេត្តមាត់សមុទ្រ គឺព្រះសីហនុជាដើម ធ្វើឲ្យប្រទេសនេះមានលក្ខណៈពិសេស។
ដោយសារធ្វើដំណើរផ្លូវឆ្ងាយ ភ្នំពេញ-អាប៊ូដាប៊ី នោះក្រុមហ៊ុនអាកាចរណ៍ Etihad Airways បានប្រើប្រាស់យន្តហោះ A321LR (Long Range) ដែលជាយន្តហោះដ៏ពិសេស និងទំនើប។
ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក Stanislas Brun ប្រធានផ្នែកដឹកទំនិញនៃ Etihad Airways បានលើកឡើងថា អ្នកដំណើរនឹងមានអារម្មណ៍កក់ក្តៅ ពេលនៅលើយន្តហោះ ព្រោះជើងហោះហើរថ្មីនេះ ដំណើរការដោយយន្តហោះប្រភេទថ្មីម៉ូដែល A321LR របស់ក្រុមហ៊ុន Etihad ដែលនឹងនាំមកនូវកាប៊ីនយន្តហោះដ៏ប្រណីត ដែលជាអត្តសញ្ញាណរបស់ Etihad និងបដិសណ្ឋារកិច្ចដ៏អស្ចារ្យ ។ យន្តហោះ A321LR បំពាក់នូវការរៀបចំកាប៊ីនបីផ្នែក រួមមានកៅអី First Suites ដំបូងបង្អស់របស់ Etihad ដែលមានលក្ខណៈឯកជន កន្លែងបិទជិតជាមួយនឹងទ្វាររូត គ្រែរាបស្មើពេញ និងការរចនាដ៏អស្ចារ្យដែលជាធម្មតាមានតែសម្រាប់យន្តហោះដែលប្រតិបត្តិការផ្លូវឆ្ងាយ។
លោក Stanislas Brun បានបញ្ជាក់យ៉ាងដូច្នេះថា «វាជាយន្តហោះដ៏ល្អ និងការបម្រើសេវាកម្មដ៏ល្អ។ យើងយកចិត្តទុកដាក់ចំពោះអ្នកដំណើរ យើងផ្តល់ជូននូវសេវាកម្មដ៏ល្អ ដើម្បីបានបទពិសោធន៍ដ៏ល្អ។ វាមិនមែនសម្រាប់តែការធ្វើដំណើរទេ តែដូចបាវចនាយើង «លើសពីការធ្វើដំណើរ»។ យន្តហោះនេះពិសេសគ្មានពីរ»។
លោកបានបន្ថែមថា ការហោះហើរងាយស្រួលបែបនេះ នឹងទាក់ទាញអ្នកដំណើរ ហើយលើកកម្ពស់វិស័យទេសចរណ៍ និងធុរកិច្ច កម្ពុជា-សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម ជាក់ជាមិនខាន។
បន្ថែមលើនេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងរឹងមាំ កម្ពុជាត្រូវតែពង្រីកជើងហោះហើរបន្ថែម ទៅបណ្តាប្រទេសផ្សេងៗ ដែលអាចជាដៃគូ ឬក៏ស្វែងរកដៃគូបន្ថែមទៀត ពីព្រោះពេលពង្រីកជើងហោះហើរបានច្រើន វិស័យទេសចរណ៍របស់កម្ពុជា នឹងល្អជាងមុន។
លោកបានបន្តថា ជើងហោះហើរនេះ នឹងទាក់ទាញ់ការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះជាធម្មតាពេលមកលេងប្រទេសកម្ពុជាញឹកញាប់ អ្នកមកលេងច្បាស់ជាមើលឃើញឱកាសវិនិយោគ ឬបណ្តាក់ទុនរកស៉ីលើវិស័យណាមួយមិនខាន។ ជាមួយគ្នានេះ នៅក្នុងការហោះហើរត្រង់ មិនផ្ទេរនៅប្រទេសណាមួយ ធ្វើឲ្យអ្នកដំណើរមានភាពងាយស្រួល និងចង់ធ្វើដំណើរមកកម្ពុជា។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងថា ជើងហោះហើរត្រង់មិនឈប់ ភ្នំពេញ-អាប៊ូដាប៊ី សបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ លោកបានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំពោះជើងហោះហើរ ភ្នំពេញ-អាប៊ូដាប៊ី ការជិះកៅអី Business Class ពិតជាល្អប្រសើរ ព្រោះក្រុមហ៊ុនមានផ្តល់ជូនអាហារ និងភេសជ្ជៈ ក្នុងបន្ទប់ពិសេសសម្រាប់រង់ចាំឡើងយន្តហោះ (Lounge), ការផ្តល់ជូនសិទ្ធិឡើងយន្តហោះមុនគេ (Priority Boarding), ព្រមទាំងផ្តល់អាហារ និងភេសជ្ជៈពេលនៅលើយន្តហោះផងដែរ ពិសេសនោះក៏អាចសម្រាក និងធ្វើការលើយន្តហោះបានទៀតផង។
លោក PITOR ភីត អ្នកបង្កើតមាតិកាដ៏ល្បីមួយរូប បានចែករំលែកបទពិសោធន៍នៃការធ្វើដំណើរទៅក្រុងអាប៊ូដាប៊ី ដោយជិះយន្តហោះ A321LR របស់ក្រុមហ៊ុន Etihad និងលើកៅអី Business Class។ លោកបានឲ្យដឹងថា ការជិះកៅអីប្រភេទនេះ គឺពិតជាសាកសមសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយបែបនេះ។
បើតាម លោក PITOR ភីត ការជិះកៅអី Business Class របស់ក្រុមហ៊ុន Etihad ពិតជាពិសេសនៅត្រង់ថា៖
*១៖ តម្លៃល្អ ទៅកាន់គោលដៅនានាលើពិភពលោក
*២៖ ប្រភេទយន្តហោះថ្មី និងទំនើបបំផុតមួយ ក្នុងចំណោមយន្តហោះទំនើបៗ
*៣៖ ប្រើប្រាស់សម្ភារៈសម្រាប់ស្វាគមន៍ភ្ញៀវ ដូចជា កែវ ចាន និងស្លាបព្រាជាដើម សុទ្ធតែម៉ាកយីហោល្បីៗ
*៤៖ យន្តហោះមានប្រព័ន្ធសុវត្ថិភាពខ្ពស់ពេលហោះហើយ
*៥៖ សេវាកម្ម On Board មានបុគ្គលិករួសរាយរាក់ទាក់។
លោកបានឲ្យដឹងថា ភាពងាយស្រួលនេះ ពិតជានាំឲ្យអ្នកដំណើរចង់ប្រើប្រាស់សេវាកម្ម Etihad ខ្លាំងណាស់ ជាក់ស្តែង បើតាមការអង្កេតរបស់ពេលធ្វើដំណើរពីភ្នំពេញទៅអាប៊ូដាប៊ី ការជិះកៅអី Business Class គឺពេញ ខណៈការជិះមកវិញសល់ ១កៅអីប៉ុណ្ណោះ។ ចំណែកឯ កៅអី Economy Class មានអ្នកជិះដល់ទៅប្រមាណ ៨០% ដែលជាចំនួនមួយដ៏ច្រើន និងដែលមានន័យថា មានភ្ញៀវទេសចរ និងអ្នកវិនិយោគយ៉ាងច្រើន បានធ្វើដំណើរមកកម្ពុជា តាមរយៈជើងហោះហើរនេះ។
លេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «Etihad នេះ គាត់ហោះពីក្រុងអាប៊ូដាប៊ីមកភ្នំពេញតែម្តង អត់ចុះចតនៅប្រទេសកណ្តាលទេ។ នេះជាការហោះហើរប្រវត្តិសាស្ត្រ»។
លោកបានបន្ថែមថា ការហោះហើរពីមជ្ឈិមបូព៌ាមកកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ច្រើនកំពុងដំណើរការ ប៉ុន្តែមានតែក្រុមហ៊ុនអាកាសចរណ៍ Etihad មួយគត់ ដែលបង្កើតជាប្រវត្តិសាស្ត្របែបនេះ៕