រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាល ទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា

13-10-2025 12:37

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាល ទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ក្រោមអធិបតីភាពលោក ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា ការព្រលែងកូនត្រី ក្នុងទិវាមច្ឆជាតិនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។ លោកបានបន្តថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះ មានការកើនឡើង ខណៈរាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារធនធានធម្មជាតិ។

លោកអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិ ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ ដល់អ្នកជំនាន់ក្រោយ។

លោក សុខ លូ បានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំព្រលែងមច្ឆជាតិ ឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។

បើតាមរបាយការណ៍របស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាល ត្រូវបានព្រលែងចូល ក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖

កូនបង្កង៥ម៉ឺនក្បាល, ត្រីប្រា៣ពាន់ក្បាល,ត្រីឆ្ពិន២ម៉ឺនក្បាល, ត្រីព្រលូង ១ម៉ឺនក្បាល,ត្រីក្រាញ់ ៤ពាន់ក្បាល ,ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយ មច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោក ឈឹម វជិរា បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ការថែរក្សា ការការពារ ការអភិរក្ស និងការទប់ស្កាត់បទល្មើសជលផល គឺជាកាតព្វកិច្ចរួមប្រកបដោយភាពទទួលខុសត្រូវ ខ្ពស់របស់តួអង្គពាក់ព័ន្ធទាំងអស់ដែលរួមមានទាំង អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានផងដែរ៕