ក្នុងវេទិកាពាណិជ្ជកម្មពិភពលោក ឆ្នាំ២០២៥! ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា លើកឡើងពីការឈ្លានពានថៃមកលើកម្ពុជា និងការបិទព្រំដែនដោយឯកតោភាគី
13-10-2025 12:46
(ផ្លរេន)៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងវេទិកា ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ៖ «ការទប់ទល់ នឹងភាពចលាចល៖ និរន្តរភាពនៃសណ្តាប់ធ្នាប់ពាណិជ្ជកម្មដោយផ្អែកលើមូលដ្ឋានគតិយុត្ត» ព្រមទាំងកិច្ចប្រជុំពាក់ ព័ន្ធនៅទីក្រុងផ្លរេន នៃសាធារណរដ្ឋអ៊ីតាលី។
ដោយមានកិច្ចសហការរៀបចំឡើងរវាងវិទ្យាស្ថានសាកលវិទ្យាល័យអឺរ៉ុប (EUI) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វេទិកានេះបានប្រមូលផ្តុំតំណាងជាន់ខ្ពស់ និងអ្នកជំនាញមកពីបណ្តា រដ្ឋាភិបាល, អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD), អង្គការសហប្រជាជាតិដើម្បីការ អភិវឌ្ឍឧស្សាហកម្ម (UNIDO), មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC), គណៈកម្មការអឺរ៉ុប, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD), ADB, វិទ្យាស្ថាន ពាណិជ្ជកម្មពិភពលោក (WTI), វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីបូព៌ា (ERIA), ធនាគារខួរក្បាល និងសាកលវិទ្យាល័យ នានា ដើម្បីពិភាក្សាលើប្រធានបទជាច្រើន ស្តីពីអនាគត នៃពាណិជ្ជកម្ម ដែលក្នុងនោះរួមមានទិដ្ឋភាពនៃការពង្រីកកិច្ច ព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP), គោលនយោបាយឧស្សាហកម្ម, គោលនយោបាយពាណិជ្ជកម្មអាកាសធាតុ, ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការ ពហុភាគី ព្រមទាំងបច្ចេកវិទ្យាផងដែរ។
នៅថ្ងៃទី១០ ខែតុលា លោកបណ្ឌិតសភាចារ្យ បានថ្លែងបទអន្តរាគមន៍លើប្រធានបទ៖ «វិបត្តិពាណិជ្ជកម្ម សកល» ក្នុងអំឡុងកិច្ចពិភាក្សាវគ្គទីមួយរបស់វេទិកាពាណិជ្ជកម្មពិភពលោក។ លោកបណ្ឌិតសភាចារ្យ បានលើក ឡើងអំពីការវិវត្តនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះ របបពាណិជ្ជកម្មពិភពលោក ត្រូវបានគាប់តាំងដោយសារ ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលបាននិងកំពុងបន្តកើនឡើង។
លោកបណ្ឌិតសភាចារ្យ បានកត់សម្គាល់ផងដែរថា ការធ្លាក់ចុះឥទ្ធិពលនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជំរុញឱ្យមានបម្រែបម្រួល ឆ្ពោះទៅរកការធ្វើជាតូបនីយកម្មក្នុងតំបន់ ដែលពាណិជ្ជកម្មកាន់តែមានលក្ខណៈបែបប្លុក ដូចដែលបានឃើញពីការកើន ឡើងនៃកិច្ចព្រមព្រៀងពហុភាគីចង្អៀត និងកិច្ចព្រមព្រៀងក្នុងតំបន់នានា។
លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ថា សង្គ្រាម គឺជាកត្តាវិនាសមួយដែលរុញច្រានឱ្យមានវិបត្តិពាណិជ្ជកម្មពិភពលោក និងបានលើកឧទាហរណ៍ពីការឈ្លានពាន របស់ប្រទេសថៃមកលើកម្ពុជា និងការបិទព្រំដែនដោយឯកតោភាគីដែលបានជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក្នុងតម្លៃប្រមាណជាង៣ពាន់លានដុល្លារ។ លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ទៀតផងដែរថា សន្តិភាព ទ្វេភាគី ជាកត្តាដែលមិនអាចខ្វះបានក្នុងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើមូលដ្ឋានគតិយុត្ត។
ឆ្លៀតក្នុងឱកាសវេទិកានេះ លោកបណ្ឌិតសភាចារ្យ ក៏បានជួបជាមួយលោក Tim GROSER អតីតរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ នៃប្រទេសនូវែលសេឡង់, លោក Tetsuya WATANABE ប្រធាន វិទ្យាស្ថាន ERIA, លោក Julian CLARKE អ្នកឯកទេសជាន់ខ្ពស់ប្រចាំតំបន់ នៃធនាគារអភិវឌ្ឍន៍អាស៊ី, សាស្ត្រាចារ្យ Michael PLUMMER នៃសាកលវិទ្យាល័យ John Hopkins, សាស្ត្រាចារ្យ Charles SABEL នៃសាកលវិទ្យាល័យនីតិសាស្ត្រ Columbia Law School, សាស្ត្រាចារ្យ YANG Guohua នៃសាកលវិទ្យាល័យ Tsinghua, លោក LU Xiankun ក្រុម សម្ព័ន្ធមិត្តនៃពហុភាគីនិយម និងសាស្ត្រាចារ្យ Bernard HOEKMAN នាយកផ្នែកសេដ្ឋកិច្ចសកលនៅមជ្ឈមណ្ឌល សិក្សាកម្រិតខ្ពស់ Robert Schuman នៃវិទ្យាស្ថានសាកលវិទ្យាល័យអ៊ឺរ៉ុប (EUI)៕