មេអាវុធហត្ថខេត្តតាកែវ ដឹកនាំប្រជុំការងារអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ រយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាស៤ ឆ្នាំ២០២៥

13-10-2025 12:58

(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រជុំការងារអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ រយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាស៤ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យទាំងអស់ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត និងលោកមេបញ្ជាការ មេបញ្ជាការរង លោកនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការគោលដៅ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានកោតសរសើរកងកម្លាំងរាជអាវុធហត្ថទូទាំងខេត្តតាកែវ ដែលកន្លងមកបានប្រឹងប្រែងលះបង់កម្លាំងចិត្ត និងពេលវេលាបំពេញភារកិច្ច ក្នុងការថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋទូទាំងខេត្ដតាកែវ បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី សេង មហា ក៏បានណែនាំកងកម្លាំងរាជអាវុធហត្ថទូទាំងខេត្តទាំងអស់ ត្រូវបន្ដខិតខំត្រូវបំពេញតួនាទី ភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អបន្តទៀត។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ត្រី សេង មហា បានណែនាំឲ្យបង្កើនការទប់ស្កាត់ក្រុមក្មេងទំនើង និងបង្ក្រាបការប្រើប្រាស់ និងជួញដូគ្រឿងញៀន ឲ្យអស់ពីមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋ មកលើសមត្ថកិច្ចឲ្យកាន់តែខ្លាំងក្លាថែមទៀត៕