តើអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្ស គួរបន្តឱបដៃមើលទង្វើរបស់ថៃ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋកម្ពុជាឬយ៉ាងណា?

13-10-2025 14:14

(ភ្នំពេញ)៖ មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល៤យប់ហើយ ដែល​យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបើកដៃអនុញ្ញាតឱ្យជនជាតិថៃឈ្មោះ កាន់ ចមផ្លាំង ធ្វើសកម្មភាពរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់​ធ្ងរ​បំផុត តាមរយៈការ​ចាក់​សំឡេងរំខានដំណេកនាពេលយប់។

ការចាក់សំឡេងរំខានប្រព្រឹត្តដោយជនជាតិថៃ ឈ្មោះ កាន់ ចមផ្លាំង មាន​ការ​អនុ​ញ្ញាត​ពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានធ្វើឡើងចាប់តាំងពីយប់ថ្ងៃទី១០ ខែ​តុលា ឆ្នាំ២០២៥ រហូតដល់ម៉ោងទៀបភ្លឺថ្ងៃទី១៣ ខែតុលា។ ការចាក់សំឡេង​ដោយ​មាន​ឧបករណ៍បំពងសំឡេងលាន់ឭយ៉ាងខ្លាំងនេះ ត្រូវបានធ្វើ​ឡើងច្រើន​លើក​ក្នុង​មួយ​យប់ៗ រួមមាននៅពេលព្រលប់ចន្លោះម៉ោង៨ ទៅដល់ម៉ោង១១ ឬ១២យប់ ហើយ​បន្ត​ធ្វើនៅម៉ោងរំលងអាធ្រាត្រចន្លោះម៉ោង១ ទៅដល់ម៉ោង ២ ឬ៣ ហើយ​បន្តនៅពេល​ទៀបភ្លឺរង្វង់ម៉ោង៤ជាដើម។

ការចាក់សំឡេងនេះ ត្រូវបានគេរៀបចំឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង ហើយ​​រៀបចំនៅកៀកភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគ​ជ័យ ឃុំអូរ​៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សំឡេងនេះលាន់ឭខ្លាំង​ចូល​មកក្នុង​ភូមិ​ឋាន​ទាំងពីរនេះ តែមិនបានលាន់ឭទៅខាងភូមិឋានរបស់ពលរដ្ឋថៃ ក្នុង​ភូមិ​ណងចាន់ និងណងយ៉ាកែវ ក្នុងឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវនោះ​ឡើយ ព្រោះភូមិ​ឋានរបស់ពលរដ្ឋថៃទាំងពីរនេះ មានចម្ងាយឆ្ងាយពីតាំង​ដែល​គេ​ចាក់សំឡេង។

ភូមិជោគជ័យ និងភូមិព្រៃចាន់របស់កម្ពុជា មានពលរដ្ឋកម្ពុជារាប់ពាន់នាក់កំពុងរស់​នៅ​។ ក្នុងភូមិមានជនចាស់ជរា ជនមានជំងឺ ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ ស្ត្រី​ទើប​​សម្រាល​កូន និងក្មេងតូចៗផងដែរ។ ការសំឡេងលាន់ឭដ៏ខ្លាំងពីសំណាក់ជន​ជាតិ​​ថៃ ឈ្មោះ កាន់ ចមផ្លាំង បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិមិនអាចសម្រាន្តបាន​នោះ​ឡើយ។ បន្ថែមពីលើនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតី និងផ្លូវចិត្ត។ សំ​ឡេង​​​ដែលជនជាតិថៃបានចាក់នោះ ធ្វើឱ្យចង្វាក់បេះដូងរបស់ចាស់ជរាត្រូវបាន​លោត​​ញាប់ ក្មេងតូចៗរងការភិតភ័យហើយភ្ញាក់ពីដំណេកយ៉ាងស្លន់ស្លោរស្រែក​យំ​យ៉ាង​​ទ្រហឹង។ ស្ត្រីទើបសម្រាលកូន ឬស្ត្រីកំពុងមានផ្ទៃពោះ ដែលត្រូវការថែបំប៉ន​សុខ​ភាព​យ៉ាងចាំបាច់នោះ បានរងការចុះខ្សោយផ្នែកសុខភាពព្រោះ​តែមិនអាច​សម្រាន្ត​។

ទង្វើរបស់ជនជាតិថៃ កាន់ ចមផ្លាំង អនុញ្ញាតដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះ​កែវ ជាទង្វើរំលោភបំពានលើបណ្តាលិខិតុបករណ៍សិទ្ធិម​នុស្សអន្តរជាតិរួមមាន៖ សេច​ក្ដីប្រ​កាសជាសកលស្ដីពីសិទ្ធិមនុស្ស,កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោ​បាយ, កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង​វប្ប​ធម៌, អនុសញ្ញា​ស្តី​ពីសិទ្ធិ​កុមារ, អនុសញ្ញាស្តីពីការលប់បំបាត់រាល់​ទម្រង់​នៃការរើស​អើង​ប្រឆាំងនារីភេទ, អនុ​សញ្ញាស្ដីពីសិទ្ធិជនមានពិការភាព, អនុសញ្ញា​ប្រឆាំង​ទារុណ​កម្ម និងការប្រព្រឹត្តមក​លើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប។

ទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានេះ ត្រូវបានគណៈ​កម្មា​ធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងរួចហើយទៅកាន់ឧត្តមស្នងការអង្គការសហ​ប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើលោក Volker Türk ឧត្តម​ស្នង​ការ​អង្គ​ការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សធ្វើសកម្មភាពមួយចំនួនរួមមាន៖

១) ផ្តួចផ្តើមការស៊ើបអង្កេតជាបន្ទាន់ អំពីការប្រើប្រាស់សំឡេងរំខាន ដោយកងទ័ពថៃ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងធានាឱ្យមានការទទួលខុសត្រូវចំពោះ​ការ​រំលោភ​បំពានច្បាប់សិទ្ធិមនុស្សនេះ
២) អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាព ដែលគំរាមកំហែងផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសការប្រើប្រាស់សំឡេងរំខាននៅពេលយប់អាធ្រាតុ។
៣) ធានាការការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ផ្សេងៗ ដល់ជន​រង​គ្រោះ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់។
៤) លើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីទប់​ស្កាត់​ការកើតឡើងវិញនូវភាពតានតឹង និងប្រកាន់ខ្ជាប់ការគោរពតាម​ស្មារតីកិច្ច​ព្រម​ព្រៀង​ស្ដី​ពីបទឈប់បាញ់រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោល​ការណ៍​ព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ​រវាងកម្ពុជានិងថៃ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើលោកឧត្តមស្នងការអង្គការ​សហប្រជា​ជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ចុះមកសង្កតការណ៍ដោយផ្ទាល់ឱ្យបានឆាប់​រហ័ស​បំផុត​នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

បើទោះបីមានការប្តឹងតវ៉ាពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយសកម្មភាព​រំលោភ​​សិទ្ធិមនុស្សរបស់ជនជាតិថៃ កំពុងបន្តធ្វើយ៉ាងជាក់ស្តែងមកលើប្រជាពលរដ្ឋ​កម្ពុជាយ៉ាងណាក្តី តែមិនទាន់មានចំណាត់ការណាមួយពីសំណាក់អង្គការសហប្រជា​ជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅឡើយទេ។

ក្នុងនាមជាអង្គការអន្តរជាតិ ជាអ្នកឃ្លាំមើល និងទទួលខុសត្រូវលើសិទ្ធិមនុស្សជា​សកល ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គួរតែប្រញាប់ធ្វើ​សកម្មភាពទាំងឡាយតាមជាសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាការពារសិទ្ធិពល​រដ្ឋ​កម្ពុជា ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរំលោភបំពានពីសំណាក់ជនជាតិថៃ។

ចំណាត់ការដ៏ឆាប់រហ័សរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺជាការស្តែងឱ្យឃើញនូវការទទួលខុសត្រូវ និងស្មារតីនៃការអនុវត្តន៍បាន​យ៉ាង​ខ្ជាប់ខ្ជួននូវលិខិតុបករណ៍ទាំងឡាយស្តីពីសិទ្ធិមនុស្សសកល ហើយក៏ជាការពង្រឹងដ៏​ខ្លាំង​ក្លា​នូវ​តួនាទី​របស់អង្គការអន្តរជាតិលើសិទ្ធិមនុស្សផងដែរ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មិនគួរឱបដៃឈរ​មើល​ទង្វើរំលោភបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរពីជាតិសាសន៍មួយដែលរឹងមាំ មកលើជាតិសាសន៍មួយទៀតដែលទន់ខ្សោយនោះឡើយ៕