អង្គការ AHF ប្រចាំកម្ពុជា រៀបចំទិវាក្មេងស្រីអន្តរជាតិឆ្នាំ២០២៥ និងអំពាវនាវឱ្យមានការចូលរួមលើកកម្ពស់សុខភាពដល់សុខភាពស្រ្តី និងក្មេងស្រី

13-10-2025 14:20

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការលើកកម្ពស់ក្មេងស្រី (IDG) ឆ្នាំ២០២៥នេះ ដើម្បីអំពាវនាវឱ្យមានការចូលរួមលើកកម្ពស់សុខភាពដល់សុខភាពស្រ្តី និងក្មេងស្រី និងបញ្ជាក់ពីការជួយការពារក្មេងស្រីពីមេរោគអេដស៍ និងផ្តល់ឱកាសដែលជាតម្រូវការរបស់ពួកគេ ឱ្យមានការអភិវឌ្ឍន៍ និងទទួលបានសុខភាពល្អ។

ទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៥នេះ បានធ្វើឡើងក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីលោកវេជ្ជ. ចន ផាន់ណា ប្រធានកម្មវិធីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពជា និងមានតំណាងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្មេងស្រី និងសិស្សានុសិស្សចំនួន ២៣០នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

នាឱកាសនោះដែរលោកស្រីបណ្ឌិត សឿ សុជាតា ក្រៅពីការថ្លែងចូលរួមអបអរសាទរជាមួយសិស្សានុសិស្សស្រី សម្រាប់ព្រឹត្តិការលើកកម្ពស់ក្មេងស្រី (IDG) នេះ ក៏បានលើកឡើងពីគុណសម្បត្តិរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសង្គមនាពេលបច្ចុប្បនេះ ក៏ដូចជាការយកចិត្តទុកខ្ពស់ដល់ស្ត្រី និងក្មេងស្រីពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើសុខភាពរបស់ស្ត្រី និងក្មេងស្រី និងបានលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រី ត្រូវបន្តយកចិត្តទុកដាក់លើសុខភាព និងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យបានក្លាយជាមូលធនមនុស្សនៅក្នុងសង្គម។

ថ្លែងនាឱកាសនោះដែរលោកវេជ្ជ. ចន ផាន់ណា បានឱ្យដឹងដែរថា នៅទូទាំងពិភពលោក មានភាពមិនស្មើគ្នាចំពោះក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេងប្រឈមមុខនឹងបញ្ហាមេរោគអេដស៍។ AHF អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងកម្មវិធីបង្ការ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ និងគោលនយោបាយគាំទ្រដែលពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការខ្វះខាតនៅពេលមករដូវ ការលើកកម្ពស់ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ និងដោះស្រាយឱ្យមានភាពស្មើគ្នាក្នុងការទទួលបានការអប់រំសុខភាព ដូចជាអំពើហិង្សាផ្អែកលើយេនឌ័រ និងអាពាហ៍ពិពាហ៍កុមារ។

ការផ្តល់អំណាចដល់ក្មេងស្រី គឺការផ្តល់នូវអ្វីៗដែលសម្រាប់ដំណើរឆ្ពាះទៅមុខ រួមទាំងការចូលសាលារៀន និងរក្សាសុខភាព អនាគតរបស់ពួកគាត់។ ទោះបីជាមានការរីកចម្រើនក៏ដោយក៏នៅតែគួរឱ្យព្រួយបារម្ភដោយសាររៀងរាល់សប្តាហ៍ ស្ត្រីវ័យក្មេងចំនួន ៤០០០នាក់ដែលមានអាយុពី ១៥ ដល់២៤ ឆ្នាំបានឆ្លងមេរោគអេដស៍ថ្មី ជាង ៣៣០០ ករណីនៅអនុតំបន់សាហារ៉ាអាហ្វ្រិក។ ក្នុងឆ្នាំ២០២៣ កុមារី និងស្ត្រីវ័យជំទង់ ១ លាន ៩សែននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ បើធៀបនឹងក្មេងប្រុស និងបុរសវ័យក្មេង ១លាន ២សែននាក់ ដែលមានអាយុដូចគ្នា។ ឧបសគ្គនៃការអប់រំក៏មានសភាពធ្ងន់ធ្ងរផងដែរ ដោយក្មេងស្រី ១៣៣លាននាក់នៅទូទាំងពិភពលោកបានបោះបង់សាលារៀន ដោយធ្វើឱ្យពួកគាត់មិនអាចរស់នៅដោយខ្លួនឯងបាន និងជីវិតដែលមានសុខភាពល្អនាពេលអនាគត។

ទិវាក្មេងស្រីអន្តរជាតិ គឺជាពេលវេលាដើម្បីអបអរសមិទ្ធិផលរបស់ក្មេងស្រី ពង្រីកសំឡេងរបស់ពួកគេ និងស្វែងរកការគាំទ្រសម្រាប់គោលនយោបាយដែលការពារសុខភាព និងអនាគតរបស់ពួកគេ។ តាមរយៈកម្មវិធី Girls Act របស់ខ្លួន AHF ផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងស្ត្រីវ័យក្មេងក្នុង ៤០ប្រទេស ជាមួយនឹងចំណេះដឹង ការគាំទ្រ និងធនធាន ដើម្បីរក្សាឱ្យរួចផុតពីមេរោគអេដស៍ និងជំងឺកាមរោគ ប្រកាន់ខ្ជាប់នូវការព្យាបាលសម្រាប់ក្មេងស្រីដែលរស់នៅជាមួយមេរោគអេដស៍ ឲ្យបានចូលសាលារៀន និងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២.៥លាននាក់ក្នុង៥០ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕