ក្រុមមេធាវី ពិស្សុត និងសហការី ព្រមទាំងសប្បុរសជន យកអំណោយជាសម្ភារសិក្សាជូនកូនៗរបស់ជនភៀសសឹក និងយកអំណោយជូនចាស់ជរា ជនពិការ ស្រ្តីមានផ្ទៃពោះភៀសសឹក សរុបប្រមាណជិត១០០០នាក់ នៅខេត្តសៀមរាប ក្នុងដំណើរកម្សាន្តប្រចាំឆ្នាំ២០២៥របស់ខ្លួន

13-10-2025 15:28

(សៀមរាប)៖ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ លោក ហាក់ សុភារិទ្ធ ក្រុមមេធាវី ពិស្សុត និង សហការី បានរៀបចំដឹកនាំសមាជិក ក្រុមមេធាវីរបស់ខ្លួន ព្រមទាំងសប្បុរសជនធ្វើដំណើរទៅខេត្តសៀមរាប ស្ថិតនៅក្នុងដំណើរការកំសាន្តប្រចាំឆ្នាំរបស់ខ្លួន (ឆ្នាំ២០២៥)។

នៅដំណើរការកំសាន្តនោះ បាននាំយកអំណោយជាសម្ភារ និងថវិកាមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមជួយដល់ជនភៀសសឹក។ ក្រៅពីនោះក៏បាននាំអំណោយជាសម្ភារសិក្សាជូនកូនៗរបស់ជនភៀសសឹក និងយកអំណោយជូនចាស់ជរា ជនពិការ ស្រ្តីមានផ្ទៃពោះភៀសសឹក សរុបប្រមាណជិត១០០០នាក់ ចំនួន២ទីតាំងស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្រុមការងារ និងសប្បុរសជន បន្តជិះកង់ទៅដាំកូនឈើនៅមុខប្រាសាទអង្គរតូចប្រមាណ១០០ដើម ដើម្បីបង្កើតទីធ្លាបៃតងបន្ថែមទៀតដែលផ្តល់នូវ ផលប្រយោជន៍យ៉ាងសំខាន់ដល់បរិស្ថាន ទេសចរណ៍ និងសង្គមជាតិ។ ឆ្លៀតពីនោះក្រុមការងារ បានបន្តចូលរួមឧបត្ថម្ភជាថវិកាជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាកុមារអង្គរ)។ បន្ទាប់ពីការងារសប្បុរសធម៌ ក្រុមមេធាវី ពិស្សុត និងសហការី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ខ្លួន។

នៅក្នុងដំណើរបេសកកម្ម និងក្នុងកិច្ចប្រជុំ លោក ហាក់ សុភារិទ្ធ ប្រធានក្រុមមេធាវីពិស្សុត បានថ្លែងសារដ៏អត្ថន័យទៅកាន់ក្រុមការងារទាំងអស់ដោយពោលថា យើងទាំងអស់បានបំពេញការងារដ៏នឿយហត់ និងអស់ពីកម្លាំងកាយ កម្លាំងចិត្តនាពេលកន្លងមក និងពេញមួយឆ្នាំ២០២៥នេះ បានធ្វើឲ្យក្រុមហ៊ុនរបស់យើង មានភាពរីកចម្រើនជាងពេលមុន ហើយយើងសង្ឃឹមថានឹងបន្តដើរលើផ្លូវដ៏ត្រឹមត្រូវជាមួយគ្នាទៅមុខជាច្រើនឆ្នាំទៀត ក្រោមពាក្យស្លោក «Move forward together» ដើម្បីបំណងតែមួយគត់របស់យើងគឺភាពរីកចម្រើន និងសម្បូរធនធានទាំងអស់គ្នា។

លើសពីនោះលោក ហាក់ សុភារិទ្ធ បានបញ្ជាក់បន្ថែមថា ជាពិសេសជូនពរឱ្យជនភៀសសឹកទាំងអស់សុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅផ្ទះរបស់គាត់វិញ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភទាំងថវិកា ចំណាយពេលវេលាកម្លាំងកាយចិត្ត ចូលរួមដល់សកម្មភាពមនុស្សធម៌ខាងលើ៕