គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យានយន្តអគ្គិសនី ១០,៥៦៨គ្រឿង បានចុះបញ្ជីនៅកម្ពុជា (Video inside)
13-10-2025 16:08
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០,៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧ ១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២ ៧១០គ្រឿង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងទៀតថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ យានយន្ត EV ចុះបញ្ជីសរុប ៥ ៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤ ២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១ ១៥៣គ្រឿង។
បន្ថែមពីនេះអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបន្ថែមទៀតថា បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងតែបានបន្តគិតគូរទៅលើការដាក់សញ្ញាសម្គាល់បន្ថែមទៅលើផ្លាកលេខ ទាំងរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលគម្រោងនេះនឹងអាចចេញជារូបរាងនៅឆ្នាំ២០២៦ខាងមុខនេះ។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ដោយមានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិស នីឱ្យបានជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០។
គោលនយោបាយនេះមានគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតល្អប្រសើរ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពប្រជាជន។ គោលដៅជាក់លាក់រួមមានការចុះបញ្ជីរថយន្តអគ្គិសនីចំនួន ៣០,០០០គ្រឿង ទោចក្រយានយន្តអគ្គិសនី ៧២០,០០០ គ្រឿង និងត្រីចក្រយានយន្តអគ្គិសនី ២០,០០០ គ្រឿងនៅឆ្នាំ២០៣០។
ដើម្បីឈានទៅការសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនី ដោយបន្ថយពន្ធនាំចូល ៥០% ។ បន្ថែមពីនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្រេចកែសម្រួលបន្ថយអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) ប្រភេទទេសចរណ៍ ដឹកទំនិញធុនតូចមានទ្វារ៤ (ភិកអាប់) និងរថយន្តដឹកអ្នកដំណើរ ដើម្បីជំរុញកំណើនការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាផងដែរ៕