គ្រួសារកូនភ្លោះបី ដែលជាគ្រួសារទី៤២៩ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (Video inside)
13-10-2025 16:56
(ត្បូងឃ្មុំ)៖ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត យកទៅចែកផ្ទាល់ដៃជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្មួយៗរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដល់លំនៅដ្ឋានកូនភ្លោះបី ស្ថិតនៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តក្បូងឃ្មុំ។
ទារកភ្លោះទាំងបី ដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត នៅពេលនេះជាកូនលើកទី៦ ដែលមានឪពុកឈ្មោះ ស្រី ម៉ៃហៀត អាយុ៣៦ឆ្នាំ មុខរបរកម្មករចំការចេក របស់ក្រុមហ៊ុនឡុង ស្រេង ម្តាយឈ្មោះ សុះ អៃយះ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ នៅមន្ទីរពេទ្យកំពង់ចាម មានប្រុសម្នាក់ ស្រី២នាក់។
នៅចំពោះមុខគ្រួសារកូនភ្លោះបី លោក សេង ទៀង បានការផ្តាំ ផ្ញើរសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងតែផ្ញើនូវការនឹករលឹក ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។ លោកឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៦ឆ្នាំ កន្លងមកនេះមានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន៤២៩គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេនៅពេលឆ្លងទន្លេរួច។
លោកបានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្សដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកប ដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។
លោក សេង ទៀង បានបន្ថែមថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត សម្តេច និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន៥លានរៀល ដើម្បីជួយសំរាលដល់ការលំបាករបស់គ្រួសារដែលទទួលបានកូនភ្លោះបីនាក់ និងគឺជាគ្រួសារលើកទី៤ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត។
លោកបានធ្វើការណែនាំដល់មាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់ទារកឲ្យបានគត់មុន ពោលប្រសិនបើទារកមានអាការៈអ្វីខុសពីប្រក្រតី សូមយកកូនទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត របស់ទារក។ តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលចាត់ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ពោលគឺពេលនេះសម្តេចបានចាត់ឲ្យតំណាងរបស់សម្តេចបាននាំយកថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់គ្រួសាររបស់ខ្លួន ដែលប្រសូត្របានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាលដល់ការលំបាក ក្នុងការចិញ្ចឹមបីបាច់ទារកភ្លោះទាំងបីនាក់នេះ ឲ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕