រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ»
13-10-2025 17:02
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង វាគ្មិនកិត្តិយស-គ្រូឧទ្ទេស និងមន្ត្រីរាជការជាច្រើនរូប។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំដៅបង្កើនការយល់ដឹងដល់មន្ត្រីរាជការ នឹងផ្តល់ចំណេះជំនាញបន្ថែមទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ជូនដល់សិក្ខាកាមជាមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន លើតម្រូវការ និងនីតិវិធីគន្លឹះក្នុងការរៀបចំសំណើគម្រោងដើម្បីទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ហើយសិក្ខាកាម នឹងទទួលបានការយល់ដឹងបន្ថែមពីការរៀបចំសំណើគម្រោង(Project Proposal) បទពិសោធន៍នៃការស្វែងរកធនធានហិរញ្ញវត្ថុ(Fund Raising Practices)។
ថ្លែងទៅកាន់អង្គពិធីលោករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺស្របទៅនឹងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះគឺសំដៅបង្កើនការយល់ដឹងដល់មន្ត្រីរាជការអំពីវិធីសាស្ត្រ នៃការសរសេរសំណើរគម្រោង និងនីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍អន្តរជាតិ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍របស់វាគ្មិនជំនាញដែលអញ្ជើញមកពីស្ថាប័នសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍លើនីតិវិធីក្នុងការស្នើសុំហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។
បន្ថែមពីនេះវគ្គបណ្តុះបណ្តាលនេះ មានភាពចាំបាច់ក្នុងការចូលរួមអនុវត្ត ប្រកបដោយភាពជោគជ័យនូវយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០២៤ - ២០២៨ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបានរំលេចយ៉ាងច្បាស់ពីការទទួលស្គាល់របស់រាជរដ្ឋាភិបាលពីតួនាទីដ៏សំខាន់នៃហិរញ្ញ-ប្បទានសហប្រតិបត្តិការក្នុងការបំពេញឱ្យធនធានផ្ទាល់របស់កម្ពុជាសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះលោករដ្ឋមន្ត្រី ប៉េងពោធិ៍នា បានយកឱកាសនេះផ្ដល់ការណែនាំដល់អង្គភាពជំនាញទាំងអស់ ត្រូវបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលមានស្រាប់ និងគិតគូរស្វែងរកដៃគូថ្មីៗបន្ថែមទៀត ក្នុងការស្នើសុំហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ដើម្បីពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែង៕