មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមចំនួន ២,៤៥៤ធុង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់
13-10-2025 17:15
(ពោធិ៍សាត់)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានប្រគល់ធុងសំរាមចំនួន២,៤៥៤ធុង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិក។
ពិធីប្រគល់-ទទួលធុងសំរាមខាងលើនេះ ត្រូវបានរៀបចំឡើង នៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជម្រាបជូនថា ដើម្បីលើកទឹកចិត្ត និងជំរុញភាពស្អាត នៅតាមមូលដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការ កម្ពុជាស្អាតខ្មែរធ្វើបាន និងផ្លូវជាតិគ្មានសំរាមប្លាស្ទិកនោះ, លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ធុងសំរាម ចំនួន២,៤៥៤ធុង ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បន្តចែកជូនដល់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត។
លោកបានបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំគន្លឹះចំនួនបីគឺ «ភាពស្អាត, ភាពបៃតង និងចីរភាព» ដែលក្នុងនោះផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ក្រសួង នៅក្នុងពេលដ៏ខ្លីខាងមុខ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិ»។ សកម្មភាពជាយុទ្ធសាស្ត្រថ្មីនេះ នឹងធ្វើឱ្យកម្ពុជាសម្រច បាននូវភាពស្អាត ភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។
លើសពីនេះ ភាពស្អាតដែលបានក្លាយពីការបេ្តជ្ញាចិត្ត ហើយបានកំពុងមានការចូលរួមជាសកម្មភាព យ៉ាងផុសផុលពីប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា នាពេលបច្ចុប្បន្ន ឈានឆ្ពោះទៅជាចលនាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមានភាពស្អាត ការអភិវឌ្ឍដោយចីរភាព និងភាពរុងរឿងនៃកម្ពុជា ព្រមទាំងចូលរួមគាំទ្រទាំងអស់គ្នា ធ្វើយ៉ាងណា ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ និងអង្គភាពមានភាពស្អាត រៀបចំឱ្យមានធុង ឬកន្លែង ទុកដាក់ញែកសំរាម (ធ្វើជាធនាគារប្លាស្ទិក) ពេលពេញធុង អាចយកទៅលក់បានថវិកាជួយដល់សហគមន៍ ឬសិស្សានុសិស្សមានជីវភាពខ្វះខាតបាន ដោយត្រូវរៀបចំឱ្យមានធុងដាក់សំរាមនៅគ្រប់សាលារៀន វត្តអារាម និងមណ្ឌលសុខភាព។
គួរបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តពោធិ៍សាត់ និងជាបន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ឃុំ សង្កាត់ នៃបណ្តាខេត្តនានា ទូទាំងប្រទេស៕