និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» នៅខេត្តពោធិ៍សាត់

13-10-2025 17:21

(ពោធិ៍សាត់)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសណ្ឋាគារពោធិ៍សេនជូរី ក្រោមអធិបតីភាព របស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. សមាជិកក្រុមការងារអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ចំណេះដឹង អំពីការធានារ៉ាប់រងជាកាតព្វកិច្ច ជូនម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្ម និងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ និងជម្រាបជូនពីភូមិសាស្ត្ររដ្ឋបាលខេត្តរួចមក, លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ (ន.ធ.ក.) បានថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រង ចំនួន៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារ និងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារ និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះប្រជាជនកម្ពុជាម្នាក់ ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារ។ លើសពីនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប។

លោកស្រីបណ្ឌិតបន្តថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានធ្វើវិសោធនកម្ម ក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រង ចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

ទី១-ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត
ទី២-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ
ទី៣-ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន

លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងបន្ថែមថា ន.ធ.ក. បានកំណត់យកការពង្រឹង ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់៕