សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាត្រៀមសហការជាមួយបណ្តាដៃគូពាក់ព័ន្ធ ដើម្បីកសាងអនាគតស្រ្តីនិងក្មេងស្រីឲ្យរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា

13-10-2025 17:22

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថាស្តីពី «វឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា» ជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី នៅក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនថា ចាប់តាំងពីឆ្នាំ១៩៩៥ មកប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិ «ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម»

នៅចំពោះមុខ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធមកពីបណ្តាប្រទេសជាង ១០០ ពីគ្រប់ទ្វីបទាំង៥ នៃពិភពលោក, សម្តេចប្រធានរដ្ឋសភា បានអះអាងថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការ ដោយជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតមួយដែលគ្រប់ស្រ្តី និងក្មេងស្រីអាចរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជាបានជំរុញភាពស្នើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា ហើយក្មេងស្រីជាច្រើន បានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ថែមទៀតផង។ អត្រាមរណភាពមាតាបានធ្លាក់ចុះពី៤៣៧ ក្នុង ១០០,០០០ កំណើតរស់នៅឆ្នាំ២០០០ មកនៅត្រឹម១៥៤ ក្នុងឆ្នាំ២០២២។ អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី២៩ ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម១៤ ភាគរយក្នុងឆ្នាំ២០២១ ដោយសារតែយើងមានច្បាប់ និងសេវាគាំទ្រផ្តោតលើជនរងគ្រោះ។

បើតាមប្រសាសន៍របស់ សម្ដេចប្រធានរដ្ឋសភា, ស្រ្តីជាច្រើនបានក្លាយជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍសហគ្រិន និងសហគមន៍ ដោយទទួលបាននូវការងារ និងហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ស្រ្តីជាមន្ត្រីរាជការមានប្រមាណ៤២ ភាគរយ ហើយក្នុងនោះ ២៨ ភាគរយមានមុខតំណែងជាអ្នកដឹកនាំ។ ស្រ្តីកម្ពុជាជាង ៨០០ នាក់បានបំពេញការងារប្រកបដោយមោទនភាពនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមក្របខណ្ឌនៃអង្គការសហប្រជាជាតិ។

ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភា ថ្លែងបញ្ជាក់ថា ជាការពិតណាស់ ទោះបីសម្រេចបានសមិទ្ធផលគួរជាទីមោទនៈយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមជាច្រើន ចាំបាច់ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីជួយឱ្យស្រ្តី និងក្មេងស្រីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ សម្តេចរដ្ឋសភាធិបតី ក៏បានអំពាវនាវថា ក្រោមមូលបទ «អនាគតរួមគ្នាតែមួយ» កម្ពុជាសូមអំពាវនាវឱ្យមាន៖

* ការបង្កើតបរិយាកាសល្អ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំងបន្តទៀត។

* ការផ្លាស់ប្តូរជាប្រព័ន្ធ ដើម្បីជម្រុញសមភាព ក្នុងការទទួលបាន និងលទ្ធផលសម្រេចបាន សម្រាប់ស្រ្តី និងក្មេងស្រី។

* ការផ្តល់សិទ្ធអំណាចដល់ស្រ្តី និងក្មេងស្រី តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ លើកកម្ពស់ការទទួលបាននូវផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបញ្ញាសប្បនិម្មិត (AI) ជាដើម។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី ស្រ្តី ប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី «អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍន៍ស្ត្រីលើគ្រប់វិស័យ»។ កិច្ចប្រជុំដ៏សំខាន់ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ មិនត្រឹមតែដើម្បីប្រារព្ធអបអរសាទរខួបលើកទី៣០ នៃ សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៥ ប៉ុណ្ណោះទេ។ ប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាព និងការប្រឈមនានា ដែលស្តែងចេញពី ការអនុវត្តសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពទីក្រុងប៉េកាំង ហើយត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តី នៅទូទាំពិភពលោក។