ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្តល់រង្វាន់ជូនសិស្សជាប់និទ្ទេស A ចំនួន១៥៤នាក់ នៅខេត្តព្រៃវែង ដោយម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង និងថវិកាមួយចំនួន

13-10-2025 17:29

(ព្រៃវែង)៖ លោកសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិស្សាទុតិយភូមិដែលទទួលបាននិទ្ទេស «A» សរុបចំនួន១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមពីលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ប្រតិភូអមដំណើរ, លោក សួន សុម៉ាលីន អភិបាលខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, លោក លោកស្រីអភិបាលរងខេត្ត នាយក នាយករងសាលាខេត្ត កងកម្លាំងទាំង៣ខេត្ត ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សទទួលបាននិទ្ទេស A សរុបប្រមាណ ៥១៥រូប។

អភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានតស៊ូរៀនសូត្ររហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ។

លោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរនៃនិទ្ទេស A នេះ គឺជាផ្លែផ្កានៃកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង។

លោកអភិសន្តិបណ្ឌិត បានជំរុញឲ្យសិស្សានុសិស្ស ជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ និងស៊ីចង្វាក់ជាមួយនឹងតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍប្រទេស និងត្រូវបន្តខិតខំប្រឹងប្រែងសិក្សា និងស្រាវជ្រាវឲ្យបានខ្លាំងថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដើម្បីចាប់យកចំណេះដឹង និងជំនាញពិតប្រាកដផងដែរ។

សូមបញ្ជាក់ថា សិស្សានុសិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕