កៅអីព្យាបាលធ្មេញអេឡិចត្រូនិចចំនួន២ តម្លៃជិត៣ម៉ឺនដុល្លារ ត្រូវបាន CDC ខេត្តហៃណាន ប្រទេសចិន ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ តាមរយៈសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក

13-10-2025 18:11

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ នាមន្ទីរពេទ្យកុមារជាតិ មានរៀបចំកម្មវិធីប្រគល់ និងទទួលកៅអីព្យាបាលធ្មេញអេឡិចត្រូនិច ចំនួន២គ្រឿង ដែលមានតម្លៃជិត៣ម៉ឺនដុល្លារ ជាអំណោយរបស់មជ្ឈមណ្ឌលការពារ និងបង្ការជំងឺឆ្លងខេត្តហៃណាន (CDC Hainan) ប្រទេសចិន តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជូនដល់មន្ទីរពេទ្យកុមារជាតិ សម្រាប់ប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលធ្មេញកុមារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក Chen Cong អគ្គកុងស៊ុល នៃស្ថានទូតចិនប្រចាំនៅកម្ពុជា លោកស្រី Lin Yingzi លេខាធិការបក្ស នៃមជ្ឈមណ្ឌលការពារ និងបង្ការជំងឺឆ្លងខេត្តហៃណាន (CDC Hainan) ប្រទេសចិន និងលោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។

នេះជាលើកទី២ហើយ ក្រោមកិច្ចសម្របសម្រួលរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានសហការ និងសម្របសម្រួលជាមួយ CDC Hainan ក្នុងការប្រគល់ជូនកៅអីព្យាបាលធ្មេញអេឡិចត្រូនិចដែលកាលពីឆ្នាំ២០២៤ បានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសូត្រនិគម ខេត្តសៀមរាបចំនួន២គ្រឿង ដែលមានតម្លៃជិត៣ម៉ឺនដុល្លារដូចគ្នា ហើយក្រៅពីការប្រគល់ជូនកៅអីធ្មេញនេះ ក៏មានការរៀបចំជាសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីចែករំលែកបទពិសោធន៍ និងបច្ចេកទេសក្នុងការការពារជំងឺឆ្លង ព្រមទាំងផ្តល់ជូននូវការវះកាត់ និងព្យាបាលធ្មេញជូនកុមារកម្ពុជានៅមន្ទីរពេទ្យបង្អែកស្រុកសូត្រនិគម ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ CDC Hainan នឹងអញ្ជើញប្រតិភូសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៅ CDC Hainan នាពេលខាងមុខផងដែរ។

សូមជម្រាបថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្រោមចក្ខុវិស័យនៃការដឹកនាំជាប្រចាំរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ជានិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាពប្រជាជននៅតាមជនបទ និងដែលនៅឆ្ងាយពីសេវាសុខាភិបាល ជាពិសេសក្នុងគ្រប់ដំណាក់កាលដែលជាតិត្រូវការ ដូចជាក្នុងដំណាក់កាល នៃការរីករាតត្បាតនៃជំងឺកូវីដ១៩ និងការចូលរួមចំណែកជាមួយមន្ទីរពេទ្យភូមិភាគ នៃខេត្តជាប់ព្រំដែនដើម្បីព្យាបាលជូនវិរកងទ័ព និងគ្រួសារកងទ័ពផងដែរ៕