គម្រោង LASED III បន្តចែកសម្ភារគាំទ្រការចូលតាំងទីលំនៅថ្មី ដល់សម្បទាននិក នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

13-10-2025 18:13

(ស្ទឹងត្រែង)៖ ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រុមការងារធនាគារពិភពលោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលស្រុកសេសាន រៀបចំពិធីចែកសម្ភារគាំទ្រ ការចូលតាំងទីលំនៅថ្មី ដល់សម្បទាននិក នៅក្នុងទីតាំងដីសម្បទានសង្គមកិច្ច ដែលស្ថិតនៅឃុំសាមឃួយ និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៃគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការតំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពី លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងឲ្យលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីរាជការ អង្គការដៃគូ និងប្រជាពលរដ្ឋសម្បទាននិកជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះលោក សូ ខនឫទ្ធីគុណ បានថ្លែងថា ពិធីចែកសម្ភារគាំទ្រការចូលតាំងទីលំនៅថ្មីនេះ ជាផ្នែកមួយនៃសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់ និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

គម្រោងនេះ ត្រូវបានអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានថវិកាជំនួយពីធនាគារពិភពលោក និងការចូលរួមពីដៃគូអភិវឌ្ឍន៍ជាច្រើន។

លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង បានជំរុញ និងអំពាវនាវឲ្យប្រជាពលរដ្ឋសម្បទាននិក ទាំងអស់ ត្រូវថែរក្សា និងប្រើប្រាស់សម្ភារគាំទ្រ ដែលបានទទួលជាប្រយោជន៍ ឲ្យបានប្រសើរបំផុត។ ព្រមជាមួយនឹងការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយបង្កើនផលដំណាំ កែលម្អបច្ចេកទេសកសិកម្ម និងរក្សាសភាពបរិស្ថានឲ្យប្រកបដោយចីរភាព។

លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានសម្រេចជ្រើសរើស ខេត្តស្ទឹងត្រែង ជាតំបន់អនុវត្តគម្រោងដ៏មានប្រយោជន៍មួយនេះ ដែលជាឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ មានជីវភាពប្រសើរឡើង និងអភិវឌ្ឍជាសហគមន៍មានសុខសាន្ត។

គម្រោង LASED III មានគោលបំណងចំបងក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាពលរដ្ឋដែលគ្មានដីធ្លីឬក្រីក្រ ដោយផ្តល់ដីសម្បទានសង្គមកិច្ច សម្ភារគាំទ្រការចូលតាំងទីលំនៅ ថ្នាក់បណ្តុះបណ្តាល និងឱកាសបង្កើតជីវភាពថ្មីដល់គ្រួសារទាំងនោះ ដើម្បីអភិវឌ្ឍជាសហគមន៍ដែលមានស្ថិរភាព និងចីរភាព៕