ក្រសួងរ៉ែ និងថាមពល ប្រគល់គ្លីនិកចល័តជូនមណ្ឌលសុខភាពប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

13-10-2025 18:15

(ពោធិ៍សាត់)៖ ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានប្រគល់គ្លីនិកចល័ត រួមមានកុងតឺន័រគ្លីនិក កុងតឺន័រការិយាល័យ​ កុងតឺន័របន្ទប់ទឹក និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនដល់មណ្ឌលសុខភាពប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីប្រគល់-ទទួលគ្លីនិកចល័តខាងលើ ក្រោមវត្តមាន លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការ តំណាង លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល អគ្គនាយក និងមន្រ្តីនៃអគ្គនាយកដ្ឋានប្រេងកាត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជម្រាបជូនថា​ «ការរៀបចំគ្លីនិកចល័តនេះ គឺក្នុងគោលដៅជួយសម្រួលសេចក្តីត្រូវការ ក្នុងការផ្តល់សេវាសុខាភិបាល នៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជាអត្ថប្រយោជន៍ របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ដែលមានភូមិសាស្រ្តគៀកនឹងព្រំដែន កម្ពុជា-ថៃ ជាតំបន់ដាច់ស្រយាល ហើយក៏ជាកន្លែងមួយ ដែលអាចរៀបចំទទួលជនភៀសឹកផងដែរ»

លោកបន្តថា នេះជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ក្នុងការផ្សារភ្ជាប់ចំណងសាមគ្គីភាព រវាងក្រសួងរ៉ែ និងថាមពល និងថ្នាក់មូលដ្ឋាន លើការចូលរួមពង្រឹងសេវាសុខាភិបាលសាធារណៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ។

លោក ហេង សុភាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រី កែវ រតនៈ រួមទាំងថ្នាក់ដឹកនាំ នៃក្រសួងរ៉ែ និងថាមពល ដែលបានឧបត្ថម្ភគ្លីនិកចល័ត ជូនដល់មណ្ឌលសុខភាពប្រម៉ោយ ដើម្បីបម្រើជាអត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

លោកបានថ្លែងថា ការចូលរួមឧបត្ថម្ភគាំទ្រ របស់ក្រសួងរ៉ែ និងថាមពល នាពេលនេះ គឺស្របពេលដែលភាពតានតឹងនៅតាមព្រំដែន និងការកើនឡើង នៃប្រជាពលរដ្ឋ ដែលជាជនភៀសសឹកនៅតាមព្រំដែន ក៏ដូចជាការជួយអភិវឌ្ឍន៍លើកកម្ពស់សេវាសុខាភិបាលសាធារណៈនៅមូលដ្ឋាន៕