រដ្ឋមន្ត្រី ហួត ហាក់ កោតសរសើរប្រជាសហគមន៍សំបូរព្រៃគុក ដែលសម្រេចសមិទ្ធផលជូនសហគមន៍ ,ចូលរួមអភិរក្សប្រាសាទសំបូរព្រៃគុក និងលើកកម្ពស់វិស័យទេសចរណ៍

13-10-2025 18:58

(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទាំង១០, លោក ឃុន សុខា ប្រធានសហគមន៍ទេសចរណ៍សំបូរព្រៃគុក ព្រមទាំងអ៊ំ ពូ មីង បងប្អូនប្រជាសហគមន៍សំបូរព្រៃគុកជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនៃពិធី រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ទាំងអស់ ដែលកន្លងមកបានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ផ្ទាល់ និងបានចូលរួមនៅក្នុងការអភិរក្ស និងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុកប្រាសាទសំបូរព្រៃគុកផង និងនៅក្នុងខេត្តកំពង់ធំផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ បានផ្តល់អនុសាសន៍មួយចំនួនជូនដល់សហគមន៍ត្រូវបន្តរក្សាសុដុមនីយកម្មនៅក្នុងសហគមន, បន្តយកចិត្តទុកដាក់លើអនាម័យទាំងម្ហូបអាហារ ទីធ្លាបរិវេណ ជាពិសេសបន្ទប់ទឹក, បន្តរក្សាតម្លៃឱ្យបានសមរម្យ, បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ថ្នាក់ជាតិ និងក្របខណ្ឌអាស៊ានបន្តទៀត៕