លោក ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរសង្កាត់ ខណ្ឌ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរថែមទៀត
13-10-2025 19:24
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត។ ការផ្តល់សេវា ជូនប្រជាពលរដ្ឋ មិនមែនសំដៅតែលើការផ្តល់សេវា លើលិខិតស្នាមជូនពលរដ្ឋប៉ុណ្ណោះទេ សេវាដែលសំខាន់មិនអាចខ្វះបាននោះ គឺការផ្តល់សេវាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រោះថា ទាំងអ្នកមាន អ្នកក្រ អ្នកសុំទាន គឺសុទ្ធតែត្រូវការសន្តិសុខ សុវត្ថិភាពដូចគ្នា។
ការណែនាំបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់មនោរម្យ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។
បន្ថែមពីនេះ លោក ឃួង ស្រេង នៅបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងកសាង សមាជិកបក្សឱ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើបាន ហើយសង្ឃឹមថា នៅពេលបោះឆ្នោត សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្នា។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណចំពោះមន្ត្រីបក្សមូលដ្ឋាន សមាជិក សមាជិការបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ធ្វើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគ្រប់អាណត្តិកន្លងមក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ឃួង ស្រេង បានជំរុញឱ្យមន្ត្រីបក្សមូលដ្ឋាន សមាជិក សមាជិកាបក្សទាំងអស់ យកចិត្តទុកដាក់ និងធ្វើសកម្មភាពដើម្បីគណបក្សបន្ថែមទៀត ព្រោះមហិច្ចតារបស់គណបក្ស គឺត្រូវដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោក ឃួង ស្រេង បានលើកឡើងទៀតថា «យើងពិតជាមានមោទនភាព ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ដែលបានប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ»។
លោក ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត។ ជាមួយគ្នានេះអ្វីដែលសំខាន់បំផុតនោះ គឺសាមគ្គីភាពផ្ទៃក្នុងរបស់បក្សឱ្យបានល្អ ដោយត្រូវដឹងថា សាមគ្គីភាពនេះហើយ ជាកត្តាជោគជ័យគ្រប់ភារកិច្ច។
ក្នុងឱកាសនោះ ទាំងចៅសង្កាត់ និងមេភូមិនីមួយៗ បានលើកឡើងពីសមិទ្ធផលរបស់បក្ស ដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជាការខិតខំកសាងសមាជិកបក្ស ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានល្អ។ បន្ថែមពីនេះ ក៏បានលើកឡើងពីការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមឈ្លានពានទឹកដីកម្ពុជា និងសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕