២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បណ្ដុះបណ្ដាលមន្ត្រី ២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី!

13-10-2025 19:24

(ភ្នំពេញ)៖ ក្នុងរយៈពេល២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលជាច្រើនមាន ក្នុងនោះក៏មានការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងទទួលដោះស្រាយបណ្ដឹងផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។

ឧត្តមសេនីយ៍ ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន ២០.០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ មានសិក្ខាកាមចូលរួម៧៦៣នាក់ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈនៃមន្ត្រីផ្ដល់សេវាចំនួន៦វគ្គ។

វគ្គបណ្ដុះបណ្ដាលទាំងនោះ បើតាមលោកអគ្គនាយក គឺផ្តោតលើគោលបំណង ៣សំខាន់ៗ៖

*ទី១៖ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា
*ទី២៖ ពង្រឹងសមត្ថភាពមន្ត្រីទាំងចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីស្នាក់នៅ
*និងទី៣៖ លើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ។

វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស និងគុណភាពនៃសេវាសាធារណៈ។

ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសកម្មបំពេញភារកិច្ចឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានជាច្រើនរយករណី តាមរយៈការឆ្លើយតបតាមប្រព័ន្ធ Hotline ១២៧១ កម្មវិធីGDI eServices( Mobile App) គណនី Facebook អគ្គនាយកដ្ឋានសញ្ញាណកម្ម និងប្រអប់សំបុត្រ ១៣ទីតាំង។ ជាលទ្ធផល ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋទាញយកកម្មវិធី GDI eServices ២៦៧.៩៦៧នាក់ ខណៈមន្ត្រីបានឆ្លើយតបសំណូមពរ ៥៨.២៧៣ករណី និងបានដោះស្រាយបណ្ដឹង៩៥៣ករណីផងដែរ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានរចនាសម្ព័ន្ធចំនួន៧រួមមាន ១នាយកដ្ឋានរដ្ឋបាលសរុប ២នាយកដ្ឋានអត្រានុកូលដ្ឋាន ៣នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៤នាយកដ្ឋានលិខិតឆ្លងដែន ៥នាយកដ្ឋានសញ្ជាតិ ៦នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និង៧នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា៕