ទីបំផុត ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ឱ្យអ៉ីស្រាអែល ក្រោមកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក (Video inside)

13-10-2025 20:26

(ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ២០នាក់ចុងក្រោយដែលនៅរស់រានមានជីវិតនៅថ្ងៃចន្ទនេះ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានទទួលចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានបញ្ជាក់ថានៅរស់ បន្ទាប់ពីការផ្ទេរដោយកាកបាទក្រហម។ ការដោះលែងនេះបាននាំឱ្យមានការអបអរសាទរ និងស្រែកយំដោយក្តីរំភើបពីប្រជាជនរាប់ពាន់នាក់ដែលកំពុងរង់ចាំនៅទីលាន «Hostage Square» ក្នុងទីក្រុងតែលអាវីវ (Tel Aviv)។

គួរបញ្ជាក់ថា ស្របពេលជាមួយគ្នានេះដែរ អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងដោយអ៉ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក៏បានការធ្វើដំណើរទៅដល់តំបន់ហ្កាហ្សា និងតំបន់ West Bank ដែលកាន់កាប់ដោយអ៉ីស្រាអែលវិញផងដែរ៕