អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ

13-10-2025 20:55

(ពោធិ៍សាត់)៖ រដ្ឋបាលសាលាស្រុកតាលោសែនជ័យ និងមន្ទីរផែនការខេត្ត នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុក បានដំណើរការសិក្ខាសាលាសមាហរណកម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងអាជ្ញាធរស្រុក ឃុំ ជាច្រើនរូបទៀត។

លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលស្រុក គម្រោងដែលបានស្នើសុំការគាំទ្រ ចំនួន៨៩គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច ចំនួន១៩គម្រោង ផ្នែកសង្គមកិច្ច ចំនួន៣៤គម្រោង ផ្នែកធនធាន បរិស្ថាន និងការបន្សាំ និងការប្រែប្រួលអាកាសធាតុ ចំនួន១៦គម្រោង និងផ្នែករដ្ឋបាល ចំនួន២០គម្រោង។ លោកបានបន្តទៀតថា សិក្ខាសាលានាពេលនេះ ដោយមានការចូលរួមពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ក្រុមតំណាងទទួលផលប្រយោជន៍ ជាពិសេសក្រុមស្ត្រី យុវជន កុមារ ក្រុមប្រឹក្សា អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ក្នុងដែនសមត្ថកិច្ចរបស់ស្រុក គប្បីចូលរួមវិភាគស្ថានភាពសក្តានុពល បញ្ហាប្រឈម និងតម្រូវការនានា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច លើកកម្ពស់គុណភាពសេវា សំដៅឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)នេះ បញ្ជាក់ឱ្យឃើញថា យើងកំពុងតែរួមសហការគ្នាយ៉ាងជិតសិទ្ធិ ក្នុងការប្រមូលផ្តុំ ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអភិវឌ្ឍន៍ ដែលជាអាទិភាពរបស់ឃុំ សង្កាត់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ។ ចក្ខុវិស័យ គោលដៅ និងយុទ្ធសាស្ត្រ៥ឆ្នាំ របស់រដ្ឋបាលស្រុកនិងឃុំ ដែលបានគ្រោងទុក ដោយផ្អែកលើគោលនយោបាយវិមជ្ឈការ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅក្នុងសហវត្សរ៍ទី២១នេះ។

លោកបន្តថា សិក្ខាសាលានាពេលនេះ គឺជាសក្ខីភាពមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយដោះស្រាយនូវបញ្ហាអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់។ ជាមួយគ្នានោះដែរ គឺជាដំណើរការដែលបានរៀបចំឡើង ដើម្បីឱ្យគម្រោងសកម្មភាពអាទិភាព អភិវឌ្ឍន៍ ដែលស្នើឡើងដោយ ឃុំ សង្កាត់ មានភាពស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពនានា របស់មន្ទីរជំនាញ និងបណ្តាអង្គការជាតិ អន្តរជាតិ តាមរយៈការពិភាក្សា និងចរចាគ្នាក្នុងតំបន់គោលដៅ ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។

លោកបានលើកឡើងទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំប្រជាពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព និងមានប្រជាធិបតេយ្យពិតប្រាកដ។ ជាងមួយគ្នានេះ ក្រុមប្រឹក្សា ត្រូវបានពង្រឹងសមត្ថភាពជំនាញដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមបែបអភិបាលកិច្ចល្អ ពិសេសការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ (២០២៦-២០២៨) ​ដែលមានចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ រីកចម្រើនឆាប់រហ័ស ក្នុងការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ចល្អ ការពារបរិស្ថាន និងធ្វើឱ្យមាន សមភាព សមធម៌ រវាងបុរសនិងស្ត្រី លុបបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការរំលោភសិទ្ធិកុមារនិងការរើសអើងផ្សេងៗ។

តាមរយៈសិក្ខាសាលានេះ លោកក៏បានជម្រាបជូនអំពីសមិទ្ធិផល ដែលរដ្ឋបាលខេត្តបានខិតខំកែលម្អសោភណ្ឌភាព នៅតាមដងមាត់ស្ទឹង ចាប់ពីស្ពានអាកាស រហូតដល់ស្ពានថ្មផ្លូវជាតិលេខ៥ ដែលប្រជាពលរដ្ឋរស់នៅជាអនាធិបតេយ្យទាំងសងខាងស្ទឹង បានធ្វើការសម្របសម្រួលឱ្យពួកគាត់ ចាកចេញដោយស្ម័គ្រចិត្ត និងដោះស្រាយទីតាំងដីមួយកន្លែងសមស្រប និងចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូន។ ក្នុងនោះដែរ ឯកឧត្តមក៏បានចាប់ផ្តើមដំឡើងអំពូលភ្លើង តាមដងផ្លូវជាតិលេខ៥ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលរាត្រី ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង ប្រមទាំងកែលម្អអនាម័យ សោភណ្ឌភាព បរិស្ថាន តាមរយៈការផ្សព្វផ្សាយ និងអប់រំឱ្យប្រជាពលរដ្ឋ ចេះទុកដាក់សំរាមឱ្យត្រឹមត្រូវ៕