ការបិទបញ្ចប់គម្រោង CAPFISH-Capture ដែលគាំទ្រដោយ EU បន្សល់ទុកនូវផលជះយូរអង្វែង នៃការរីកចម្រើនវិស័យជលផលនៅកម្ពុជា

13-10-2025 21:05

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) សហការជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធី បិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) នាថ្ងៃនេះក្រោមប្រធានបទ «បរិវត្តកម្មជលផល ដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន»។

ជាមួយសមិទ្ធផលដែលគម្រោងសម្រេចបាន ការបិទបញ្ចប់របស់គម្រោង គឺជាមូលដ្ឋានគ្រឹះនៃដំណើរឆ្ពោះទៅរកាន់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍអនុវិស័យជលផលនៅកម្ពុជា ប្រកបដោយចីរភាព បង្កើនភាពប្រកួតប្រជែង និងសហគមន៍ជាម្ចាស់ ជាមួយនឹងសក្តានុពលនៃការពង្រីកការអភិវឌ្ឍបែបនេះ ក្នុងខ្សែច្រវាក់តម្លៃកសិអាហារផ្សេងៗទៀត។

ចាប់តាំងពីការចាប់ផ្តើមអនុវត្ត រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុក ដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារបានកាន់តែទូលំទូលាយ។

គិតមកត្រឹមពេលនេះ សហគ្រាសចំនួន២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS) និងសហគ្រាសចំនួន៤ ទទួលបានវិញ្ញាបនប័ត្រ HACCP ហើយសហគ្រាសចំនួន ៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេទាំងអស់បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារបានល្អប្រសើរជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារបានច្រើនមុខជាងមុន។ សមិទិ្ធផលនេះមានន័យថាអតិថិជន និងអ្នក បរិភោគទទួលបានផលិតផលជលផល ដែលមានគុណភាពសុវត្ថិភាព និងជីវជាតិ បានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។ លើសពីនេះ សហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូល ក្នុងសហគមន៍មូលដ្ឋាន។

គម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្រ្តីនៅក្នុងផ្នែកជលផលក្រោយប្រមូលផល។ សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទ ដែលទទួលបានការគាំទ្រមានលទ្ធភាពអាច ប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន ទាំងនេះបានជួយឱ្យពួកគេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចថា្នក់មូលដ្ឋាន និងថ្នាក់ជាតិប្រកបដោយចីរភាព។

នាឱកាសនោះ លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ UNDIO ស្នាក់ការកណ្តាល បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមតាម រយៈការចូលរួមពង្រីកចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ កែលម្អជីវភាពរស់នៅ និងការបង្កើន
ឱកាសការងារក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន។ លទ្ធផលប្រកបដោយចីរភាព និង
បរិយាប័ន្ននេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ជំនាញបច្ចេកទេស និងបេសកម្មរបស់អង្គការ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោក បានបន្តថា និរន្តរភាព និងបរិយាប័ន្ន ជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរបស់គម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ គម្រោងបានចូលរួមលើកកម្ពស់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាន ដល់បរិស្ថានតាមរយៈការជំរុញឱ្យប្រើប្រាស់រោងហាលសម្ងួត ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលើកទឹកចិត្តឱ្យសហគ្រាស និងក្រុមអ្នកកែច្នៃជលផល អោយគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃកិច្ចគាំពារបរិស្ថាន។

សហគ្រាសចំនួន៤៦ ក្នុងចំណោម៦៤ ដឹកនាំដោយស្ត្រី និងមានសហគ្រាសចំនួន៣ គ្រប់គ្រងដោយជនមានពិការភាព។
ទាំងនេះឆ្លុះបញ្ចាំងអំពីការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបានការគាំទ្រប្រកបដោយបរិយាប័ន្ន និងធានាក្រមសីលធម៌ការងារសម្រាប់អនុវិស័យជលផលនេះទាំងមូល។

តាមរយៈការពង្រឹងផលិតកម្មក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានរួមចំណែកកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផលិតផលនាំចូល ទន្ទឹមនឹងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុង និងក្រៅស្រុកបានល្អជាងមុន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានគាំទ្រនិងជំរុញការអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិដោយផ្ទាល់ និងរួមចំណែកដល់សន្តិសុខស្បៀងថ្នាក់តំបន់បានកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា លើសពីលទ្ធផលរំពឹងទុក និងផលជះជាវិជ្ជមានសំខាន់ៗ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នៃកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានកសាងនូវទំនុកចិត្តពីសំណាក់អ្នក
ពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផល។ ការជឿទុកចិត្តនេះបានជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន។

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បន្តថា លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន។ លោកមានជំនឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងក្នុងភាពមោះមុតដូចគ្នា នារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់មួយ។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៃកម្មវិធី CAPFISH-Capture គឺជាឧទាហរណ៍ដ៏មានប្រសិទ្ធភាព ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងឆន្ទៈខ្ពស់ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទោះបីជាគម្រោងបញ្ចប់ លទ្ធផលនិងផលជះនៅតែបន្ត ដើម្បីតម្រង់ទិសអនុវិស័យជលផលកម្ពុជា នាពេលអនាគត ក៏ដូចជាលើកទឹកចិត្តឱ្យមានការអនុវត្តស្រដៀងគ្នាក្នុងវិស័យដទៃទៀតផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោតលើគុណភាព និរន្ដរភាព និងបរិយាប័ន្ន។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដូច្នេះថា៖ «សមិទ្ធផលដែលក្រសួងនិងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹមតែជួយឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត។ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន»៕