និស្សិត CUS ទស្សនកិច្ចសិក្សានៅខេត្តកំពត ឈ្វេងយល់ពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍនៅខេត្តកំពត
14-10-2025 09:27
(កំពត)៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសិក្សា សមណនិស្សិត និងនិស្សិតជាង ៩០០នាក់ ទៅកាន់ខេត្តកំពត។
ជំនួសមុខឱ្យលោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា, លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានសម្តែងនូវការគោរពអរគុណយ៉ាងកក់ក្តៅ ប្រកបដោយក្តីសោមនស្សរីករាយក្រៃលែង ដែលមានកិត្តិយសដ៏ធំធេងទទួលបានការអនុញ្ញាតចូលជួបសំដែងការគួរសម សំណេះសំណាល និងបានស្តាប់នូវបាឋកថា ដ៏មានសារៈសំខាន់ស្តីពី «សក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍខេត្តកំពត» ដោយផ្ទាល់ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតដោយផ្ទាល់ និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង៩ នៃខេត្តកំពតនាពេលនេះ។
ក្នុងរបាយការសង្ខេបរបស់លោកបណ្ឌិត មាស បូរ៉ា បានគូសបញ្ជាក់ទៀតថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានកំពុងធ្វើការបណ្តុះបណ្តាលលើជំនាញឯកទេសជាច្រើន និងមានសាខាចំនួន៦ រួមមានសាខាខេត្តកំពង់ចាម សាខាខេត្តកំពង់ធំ សាខាខេត្តសៀមរាប សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តបាត់ដំបង សាខាខេត្តកំពត និងមានទីតាំងគោលនៅរាជធានីភ្នំពេញ នៅជិតផ្សារទំនើបអ៊ីអន២។
បច្ចុប្បន្ននេះសាកលវិទ្យាល័យ បានកំពុងបណ្តុះបណ្តាលនិស្សិតជាង ១១,៧៤៧នាក់ ដោយឡែកក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ សាកលវិទ្យាល័យ CUS បានផ្តល់ជូនអាហារូបករណ៍ពី ៥០ភាគរយ ដល់ ១០០ភាគរយ និងកំពុងទទួលចុះឈ្មោះចូលសិក្សាជារៀងរាល់ថ្ងៃពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ជាពិសេស គឺសិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២នៅឆ្នាំនេះ។
ការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានិស្សិតជាបន្តបន្ទាប់នេះ ក្នុងគោលបំណងជំរុញលើកកម្ពស់ឱ្យនិស្សិតផ្សាភ្ជាប់ការសិក្សាជាទ្រឹស្តីនៅក្នុងថ្នាក់ និងការអនុវត្តជាក់ស្តែងក្នុងសង្គមការងារ និងការដឹកនាំ តួយ៉ាងដូចនៅក្នុងថ្ងៃនេះ គឺនិស្សិតជាង៩០០នាក់ ដែលមកពីទីតាំងគោលរាជធានីភ្នំពេញ សាខាកំពង់ចាម សាខាកំពង់ធំ និងសាខាកំពតផ្ទាល់ បានទទួលចំណេះដឹងបន្ថែមក្រោយពីបានស្តាប់នូវបាឋកថាដ៏មានតម្លៃរបស់លោកបណ្ឌិតអភិបាលខេត្ត ក្នុងការដឹកនាំអភិវឌ្ឍខេត្ត ជាពិសេសគោលនយោបាយដោះស្រាយជម្លោះក្រៅប្រពន្ធ័តុលាការប្រកបដោយប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បានផ្តល់ជូននូវបាឋកថាគន្លឹះប្រកបដោយអត្ថន័យ អំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍខេត្ត ដើម្បីទាក់ទាញការវិនិយោគលើគ្រប់វិស័យជាច្រើនប្រភេទ ជាពិសេសវិស័យកសិឧស្សាហកម្ម និងសេវាកម្មទេសចរណ៍។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្តែផ្តាំ និងណែនាំដល់និស្សិតទាំងអស់ ត្រូវខិតខំសិក្សានិងស្រាវជ្រាវ ប្រកបដោយគុណភាព មានសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសម្រាប់សង្គមជាតិ គ្រួសារ ស្ថាប័នការងារនាពេលអនាគតក្រោយពីបញ្ចប់ការសិក្សា។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានកោតសើរពីការយកចិត្តទុកដាក់ និងការខិតខំប្រឹង ប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបុគ្គលិក និងសាស្ត្រាចារ្យទាំអស់ ដែលបានរួមគ្នាជាធ្លុងមួយក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែប្រសើរឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺបានមកពីកត្តាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់ផ្នែកឯកជន បានចូលរួមក្នុងការរអភិវឌ្ឍវិស័យធនធានមនុស្ស៕