ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមជិត៩០០ធុង ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម

14-10-2025 13:58

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ធុង ដើម្បីផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក ធ្វើការបែងចែកបន្តទៅសាលារៀន មណ្ឌលសុខភាព និងវត្តអារាម។

ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុជាច្រើនរូប។

លោក ឡុង ឌីម៉ង់ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអរគុណដល់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានប្រគល់ធុងសំរាមដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់ជូនទៅតាមគោដៅនៅក្នុងមូលដ្ឋានដែលជាការលើកទឹកចិត្ត និងជំរុញភាពស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ។

លោកបានបន្ថែមថា ការផ្តល់ជូនធុងសំរាមនេះនឹងចូលរួមលើកកម្ពស់សោភ័ណភាពសហគមន៍បានមួយកម្រិតបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រកាសពីការប្រគល់ជូនធុងសំរាមទៅដល់រដ្ឋបាលខេត្តចំនួន៦ ក្នុងនោះមានខេត្តត្បូងឃ្មុំ ពោធិ៍សាត់ កែប កំពត កោះកុង និងព្រះសីហនុ សរុបចំនួន ១០,១៣៤។ សម្រាប់ខេត្តព្រះសីហនុ ថ្ងៃនេះទទួលបានធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ធុង។

ការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារ ដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុង នៅតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបានដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាម ដែលសម្រួលដល់ការប្រមូលសំរាម៕