មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ពិព័រណ៌ទេសចរណ៍មូស្លីមកម្ពុជា ៣ថ្ងៃ សម្រេចបានជោគជ័យល្អ ដែលទទួលបានភ្ញៀវជាតិ និងអន្តរជាតិជាង១,៥ម៉ឺននាក់ និងគ្រោងពង្រីកការងារនេះឲ្យកាន់តែធំថែមទៀតនៅឆ្នាំ២០២៦ (Video inside)
14-10-2025 15:09
(ភ្នំពេញ)៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ថា វេទិកា និងពិព័រណ័ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ សម្រេចបានផ្លែផ្កាជោគជ័យល្អ ដែលទទួលបានភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១ម៉ឺន ៥ពាន់នាក់ និងគ្រោងពង្រីកការងារនេះឲ្យកាន់តែធំថែមទៀតនៅឆ្នាំ២០២៦ ខណៈដែលពលរដ្ឋដែលបានមកចូលរួមពិពណ៍នេះ បង្ហាញពីការពេញចិត្តរីករាយ និងសំដែងការកោតសរសើរចំពោះកម្មវិធីរយៈពេល ៣ថ្ងៃនេះ។
លោកបន្តទៀតថាថា ព្រឹត្តិការណ៍នេះជាលើកទី២ហើយ ដែលក្រសួងទេសចរណ៍ បានរៀបចំឡើងដែលមានមានលក្ខណៈធំជាងលើកទី១ ពោលគឺមានការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មទេសចរណ៍ចម្រុះ ជាង១០០ស្តង់ ដើម្បីបង្ហាញពីភាពចម្រុះពណ៌ នៃវប្បធម៌របស់ប្រទេសកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលរបស់ខ្លួនជាគោលដៅសម្រាប់ទីផ្សារទេសចរណ៍មូស្លីម។ ក្នុងនោះគេសង្កេតឃើញបងប្អូនជនជាតិចាម្ប៍ ក៏បង្ហាញពីសិល្បៈវប្បធម៌ចាម្ប៍ បូរាណ និងនំប្រពៃណីចាម្ប៍ដ៏ទាក់ទាញផងដែរ។
លោកប្រធានថ្លែងបន្តថា ដោយទទួលបានការគាំទ្រច្រើន ក្រសួងទេសចរណ៍ គ្រោងរៀបចំវេទិកា និងពិព័រណ័ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែធំជាងនេះទៀត ដើម្បីទាក់ទាញទេសចរណ៍មូស្លីម មកទស្សនាកម្ពុជា កាន់តែច្រើន។
កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរមូស្លីមជាង ៤០ម៉ឺននាក់ កើនឡើងជាង ១០ម៉ឺននាក់ ពោលគឺឆ្នាំ២០២៣ ទទួលបានភ្ញៀវទេសចរណ៍មូស្លីមប្រមាណជាជាង ៣០ម៉ឺននាក់។ ក្រសួងទេសចរណ៍ បានកំពុងអនុវត្ត ផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ដើម្បីជំរុញកំណើនភ្ញៀវទេសចរមូស្លីមមកកាន់កម្ពុជា ឱ្យកាន់តែច្រើន ខណៈដែលបច្ចុប្បន្នកម្ពុជា មានជើងហោះហើរច្រើនជាមួយបណ្តាប្រទេសឥស្លាម ហើយនឹងមានជើងហោះហើរថ្មីៗ បន្ថែមទៀត ដែលជាកាលានុវត្តភាពក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍មូស្លីម។
សូមបញ្ជាក់ថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ក្នុងគោលបំណង៖
*ទី១៖ សូមស្វាគមន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ទិសទី
*ទី២៖ ដើម្បីបង្ហាញពីភាពសម្បូរបែប នៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វ្រេនលីកម្ពុជា
*ទី៣៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍៕