អង្គកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តរតនគិរី ដង្ហែទៅប្រគេនព្រះសង្ឃ នៅវត្តឦសានរតនារាម ប្រមូលបច្ច័យបានជាង ១០១លានរៀល

14-10-2025 15:25

(រតនគិរី)៖ អង្គកឋិនទានសាមគ្គី ដែលផ្តួចផ្តើមដោយរដ្ឋបាលខេត្តរតនគិរី ប្រមូលបច្ច័យបានចំនួន១០១,៦៥២,០០០រៀល ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានប្រារព្ធពិធីសូត្រមន្ត នមសិការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលាខេត្តរតនគិរី។

ការដង្ហែរនេះ ដោយមានការអញ្ជើញចូលរួម ពីលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោក-លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ អ្នកមុខអ្នកការ សាលាខេត្តយ៉ាងច្រើនកុះករ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

លុះព្រឹកឡើងថ្ងៃទី១៤ ខែឆ្នាំដដែល អង្គកឋិនទានបានដង្ហែ ឆ្ពោះទៅកាន់ទីអារាមខាងលើ ដើម្បីវេរអង្គកឋិនទានប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ញ៉ែម សំអឿន អភិបាលខេត្ត បានសំណេះសំណាល ជាមួយប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការទាំងអស់ ដោយសេចក្តីសោមនស្សរីករាយ ដែលបានស្រុះស្រួល មូលមតិគ្នាជាឯកឆន្ទ ប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាដូចជា កសាងកុដិ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យបានល្អប្រសើរបន្ថែមទៀត។

លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក-លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក្នុងការចូលរួមជាថវិកា និងចូលរួមជួយជ្រោមជ្រែង ក្នុងពិធីបុណ្យបានយ៉ាងរលូន អស់ពីកម្លាំងកាយចិត្តគ្រប់ៗគ្នា។ ហើយសូមឲ្យកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាននេះ ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិផងដែរ។

យោងតាមប្រពៃណីព្រះពុទ្ធសាសនានា សម័យពុទ្ធកាលមក បានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមក បានពោលថា ជនណាបានធ្វើ បុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃ បានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។

គួរបញ្ជាក់ថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមក តាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕