រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ

14-10-2025 15:26

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គ សម្តេចឪ សម្តេច តា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទិវង្គត នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

ក្នុងពិធីនេះ ក្រៅពីធ្វើពិធីសាសនា អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ស្ថិតក្នុងទឹកមុខស្រពត់ស្រពោនក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ។

ការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្ដម វិសេសវិសាលរបស់ព្រះអង្គ។

ទូលព្រះបង្គំ ព្រះករុណា ខ្ញុំរួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិស ថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គយាងទៅកាន់ឋានបរមសុខ សួគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ៕