អភិបាលខេត្តព្រះវិហារ នឹងរៀបចំរូបសំណាកសត្វត្មាត៣ប្រភេទ ទុកឱ្យប្រជាពលរដ្ឋ ពិសេសយុវជនបានស្គាល់

14-10-2025 16:13

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា លោកនឹងរៀបចំ ឱ្យគេឆ្លាក់រូបសំណាកសត្វត្មាតចំនួន៣ប្រភេទ គឺប្រភេទសត្វត្មាតភ្លើង សត្វត្មានប្រផេះ និងសត្វត្មាតត្នោត ដើម្បីទុកជូនប្រជាពលរដ្ឋ ពិសេសប្អូនៗយុវជនឱ្យបានស្គាល់ បានមើលពីរូបរាងពិតរបស់សត្វត្មាត។

ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក «ត្មាតនាំសំណាង» ដែលពិធីនេះ បានរៀបចំធ្វើឡើង នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

លោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ សមាគមន៍អភិរក្សសត្វព្រៃកម្ពុជាប្រចាំនៅខេត្តព្រះវិហារ និងអាជ្ញាធរស្រុកឆែប ដែលបានសហការរៀបចំ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិដ៍មានសារៈសំខាន់នេះ ដើម្បីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងមុខងារដ៍សំខាន់របស់សត្វត្មាតទាំង៣ប្រភេទ និងពពួកព្រៃឈើ ជីវចម្រុះ ដែលកំពុងដើរតួយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី នៅក្នុងវិស័យទេសចរណ៍ធម្មជាតិ វិស័យសុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា កន្លងមកអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា ប្រចាំខេត្តព្រះវិហារ បានចូលរួមយ៉ាងសកម្ម នៅក្នុងការការពារថែរក្សា និងអភិរក្សធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។ ពិសេសគឺការចូលរួមសហការ និងសហប្រតិបត្តិការ ជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានល្អប្រសើរ រហូតសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោក គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា ការរៀបចំវេទិការយល់ដឹងអំពីសត្វត្មាតអន្តរជាតិ មិនត្រឹមតែជាការផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងការអភិរក្សសត្វត្មាតដែលជាសត្វកម្រ រងនូវការគម្រាមកំហែង និងចាត់ទុកជាសត្វជិតផុតពូជនោះទេ សកម្មភាពនេះ ជាផ្នែកមួយដ៍សំខាន់នៃការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ដែលជាចក្ខុវិស័យអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការ សមាគមន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ ចូលរួមការពារសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការការពារអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប តាមរយៈការជំរុញ រៀបចំឱ្យមានការចិញ្ចឹមសត្វបែបធម្មជាតិ និងការដាំដំណាំសរីរាង្គនៅក្នុងតំបន់អភិរក្ស ព្រមទាំងជុំរុញឱ្យមានការវិនិយោគផ្សព្វផ្សាយ លើវិស័យទេសចរណ៍ធម្មជាតិ ជៀសជាងការកាប់ទន្ទ្រានព្រៃឈើ ដើម្បីយកដីលក់ឫធ្វើអាជីវកម្ម ការបរបាញ់សត្វ ឫចាប់សត្វព្រៃ ការដកហូតអនុផលព្រៃឈើហួសប្រមាណ និងការប្រព្រឹត្តបទល្មើសធនធាន ធម្មជាតិផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕