ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ «រយៈពេល ៦ទសវត្សរ៍ចុងក្រោយ​ ជប៉ុនបានបញ្ជូនអ្នកស្ម័គ្រចិត្តមកកាន់កម្ពុជាជាង៨០០នាក់»

14-10-2025 16:38

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានថ្លែងថាក្នុងរយៈពេល៦ទសវត្សរ៍កន្លងទៅនេះ ជប៉ុនបានបញ្ជូនអ្នកស្ម័គ្រចិត្តជាង ៥៧,០០០នាក់ ទៅកាន់ប្រទេសចំនួន១០២ ដែលក្នុងនោះមានអ្នកស្ម័គ្រចិត្តជាង ៨០០នាក់ បានមកនិងកំពុងបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីខួបលើកទី៦០ នៃការបង្កើតក្រុមអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស (JOCV) ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

ចំពោះមុខអង្គពិធី, លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីប្រារព្ធខួបលើកទី៦០ នៃការបង្កើតក្រុមអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស (JOCV) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាព អន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្ថន័យ ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ក្នុងរយៈពេល៦ទសវត្សរ៍កន្លងមកនេះ។ កម្ពុជាមានកិត្តិយសណាស់ ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥ ដំបូងគេ ដែលបានទទួលអ្នកស្ម័គ្រចិត្ត JOCV នៅឆ្នាំ១៩៦៥។

លោកបានបន្តថា ការទទួលអ្នកស្ម័គ្រដំបូងនេះ គឺជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់មិត្តភាពដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន ហើយមិត្តភាពនេះបាននិងកំពុងបន្តរីកចម្រើន ប្រកបដោយភាពរឹងមាំ និងមានខ្លឹមសារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ក្នុងរយៈពេល៦ទសវត្សរ៍កន្លងទៅនេះ ជប៉ុនបានបញ្ជូនអ្នកស្ម័គ្រចិត្តជាង ៥៧,០០០នាក់ ទៅកាន់ប្រទេសចំនួន១០២ ដែលក្នុងនោះមានអ្នកស្ម័គ្រចិត្តជាង ៨០០នាក់ បានមកនិងកំពុងបំពេញការងារនៅទូទាំង ប្រទេសកម្ពុជាផងដែរ។ ការរួមចំណែករបស់អ្នកស្ម័គ្រចិត្តទាំងនេះក្នុងវិស័យសំខាន់ៗដូចជា៖ អប់រំ អភិបាលកិច្ច សុខាភិបាល កសិកម្ម កីឡា សាធារណៈការ និងទឹកស្អាត/អគ្គិសនី បាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា»។

ក្រៅពីជំនាញបច្ចេកទេសរបស់ខ្លួន អ្នកស្ម័គ្រចិត្តទាំងនេះបានចូលរួមលើកកម្ពស់ស្មារតីមិត្តភាព ការយល់ដឹងពី វប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ហើយបានបន្សល់ទុកនូវគុណតម្លៃដ៏យូរអង្វែង ដែលបន្តធ្វើអោយ សង្គមរបស់យើងទាំងពីរកាន់តែរីកចម្រើន។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នកស្ម័គ្រចិត្តជប៉ុនទាំងអស់ ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត ដែលមានការលះបង់ និងវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងស្មារតីស្មោះសរសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ប្រវត្តិរបស់អ្នកស្ម័គ្រចិត្តជប៉ុន ក៏ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពកាន់តែទូលំទូលាយ និងស៊ី ជម្រៅរវាងកម្ពុជា និងជប៉ុនផងដែរ។ ប្រទេសយើងទាំងពីរជាដៃគូដ៏យូរអង្វែង និងប្រកបដោយថាមវ័ន្ត ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្ត និងបំណងប្រាថ្នារួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព៕