គម្រោងអភិវឌ្ឍន៍ «ច្រាំងស្ទឹងពោធិ៍សាត់» រួមទាំងសមិទ្ធផលនានា ក្នុងខេត្តពោធិ៍សាត់ បាននិងកំពុងបំពេញតម្រូវការជូនប្រជាពលរដ្ឋ (Video inside)

14-10-2025 16:47

(ពោធិ៍សាត់)៖ គម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹង កំពុងត្រូវបានអនុវត្ត នៅតាមបណ្តារាជធានី/ខេត្តមួយចំនួនទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនទីកន្លែងកម្សាន្ត និងកែលម្អអនាម័យបរិស្ថាន។ ជាក់ស្តែងនៅខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់លោក ខូយ រីដា អភិបាលខេត្ត គម្រោងអភិវឌ្ឍន៍ «ច្រាំងស្ទឹងពោធិ៍សាត់» បាននិងកំពុងដំណើរការ ទៅតាមដំណាក់កាល ដែលធ្វើឱ្យប្រជាពលរដ្ឋជិតឆ្ងាយ បានកោតសរសើរមិនដាច់ពីមាត់ សម្រាប់យន្តការដោះស្រាយប្រកបដោយប្រសិទ្ធភាព នៃគម្រោងអភិវឌ្ឍន៍នេះ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ការរៀបចំសោភ័ណភាពសួនច្បារ និងសម្អាតច្រាំងស្ទឹងពោធិ៍សាត់ បានចាប់ដំណើរការ ដោយគិតមកទល់ពេលនេះ មានរយៈពេលជិត២ឆ្នាំមកហើយ ខណៈដែរបច្ចុប្បន្នបាននឹងកំពុងដំណើរធ្វើជារៀងរាល់ថ្ងៃ។

ក្នុងអំឡុងដំណាក់កាលទី១ លោកអភិបាលខេត្តពោធិ៍សាត់ បានចាប់ផ្តើមដំបូងពីចំណុចស្ពានថ្មថ្មី មុខវត្តបន្ទាយដី រហូតដល់ក្បាលហុង ត្រើយខាងកើតស្ទឹង, ដំណាក់កាលទី២ ចាប់ពីចំណុច ស្ពានកាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងលិចស្ទឹង, ដំណាក់កាលទី៣ ចាប់ពីស្ពានអាកាសផ្លូវវាងក្រុង ដល់ភូមិបណ្តុះសណ្តែក មុខវត្តកែវសុវណ្ណ ត្រើយខាងកើតស្ទឹង និងដំណាក់កាលទី៤នេះ ចាប់ពីស្ពានថ្មថ្មី រហូតដល់ស្ពានថ្ម ផ្លូវជាតិលេខ៥ ត្រើយខាងកើតស្ទឹង។

គម្រោងរៀបចំច្រាំងស្ទឹងនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ខេត្តពោធិ៍សាត់ ដើម្បីជាគុណប្រយោជន៍ បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែង ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ អាចហាត់ប្រាណ និងអង្គុយលេងកម្សាន្ត ស្រស់ស្រូបយកខ្យល់អាកាសតាមដងស្ទឹង ប្រកបដោយបរិយាកាសស្រស់ស្រាយ។

ប្រជាពលរដ្ឋដែលមានទីលំនៅមិនរៀបរយ ហើយប៉ះពាល់ដោយសារគម្រោងនេះ ត្រូវបានរដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកកណ្តៀង ធ្វើការអប់រំ និងផ្សព្វផ្សាយ ពាក់ព័ន្ធនឹងសោភណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន រហូតពួកគាត់ស្ម័គ្រចិត្តរុះរើសំណង់ជាប់មាត់ស្ទឹងចេញដោយខ្លួនឯង និងទទួលយកទីតាំងដីឡូតិ៍ថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដែលរដ្ឋបាលខេត្តបានរៀបចំដោះដូរជូន។

លោក ខូយ រីដា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គោលបំណងនៃការអភិវឌ្ឍន៍នេះ គឺដើម្បីខេត្តពោធិ៍សាត់មានសោភ័ណភាព និងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកំសាន្តឱ្យកាន់តែច្រើនឡើង ស្របតាមការប្តេជ្ញាចិត្ត ថានឹងធ្វើឱ្យខេត្តមួយនេះ ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ ក្នុងអាណត្តិដឹកនាំរបស់លោក។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្រៅពីគម្រោងកែលម្អសោភ័ណភាពតាមដឹងស្ទឹង រដ្ឋបាលខេត្តក៏បានចាប់ផ្តើមតំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រភេទ Solar LED ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលរាត្រី ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង តាមផែនការត្រូវធ្វើឱ្យបានរួចរាល់ នៅចុងឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨ខាងមុខ។

បន្ថែមពីនោះ លោកបានចាត់ទុក បញ្ហា​​សំរាមនៅលើទឹកដីខេត្តពោធិ៍សាត់ ជារឿងដ៏សំខាន់ក្នុងការលើកកម្ពស់​សោភណភាព និងអនាម័យបរិស្ថាន សម្រាប់ការរស់នៅ។ ក្នុងន័យនេះដើម្បីឱ្យទឹកដីខេត្តពោធិ៍​សាត់ គ្មានសំរាម និងស្រស់ស្អាត លោកបានដាក់ចេញបទបញ្ជា​ក្តៅ «មានសំរាម អត់អភិបាលស្រុក/ក្រុង មានអភិបាលស្រុក/ក្រុង អត់សំរាម, មានសំរាម​ អត់មេឃុំ/ចៅសង្កាត់ មានមេឃុំ/ចៅសង្កាត់ អត់សំរាម» នឹងប្តេជ្ញាថាក្នុងឆ្នាំ២០២៦ ត្រូវធ្វើឱ្យបាន។

ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រង ខណៈដែរខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ក្នុងឆ្នាំ២០២៦ខាងមុខ៕