រដ្ឋមន្ត្រី នេត្រ ភក្ត្រា រម្លឹកប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ រួមគ្នាឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ទំនុកចិត្តជូនសាធារណជន

14-10-2025 16:54

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹមបន្ថែមដល់ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានី-ខេត្តរបស់ខ្លួន ត្រូវពពង្រឹង សមត្ថភាពរបស់មន្ត្រីក្រោមឱវាទ និងចូលរួមឱ្យកាន់តែសកម្មភាពបន្ថែមទៀតទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់ទំនុកចិត្តជូនសាធារណជន។

ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការគ្រប់គ្រងមន្ទីរព័ត៌មានរាជធានី-ខេត្ត នៅសាលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃក្រសួងព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺមិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់។ ដូច្នេះកម្ពុជាត្រូវការមន្ត្រី និងអ្នកសារព័ត៌មាន មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាធានាពីសន្តិសុខព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។

រដ្ឋមន្ត្រីបានបន្ថែមថា មន្ត្រីព័ត៌មាន ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ចំណេះដឹង ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ។ បច្ចុប្បន្ននេះ បញ្ហាព័ត៌មានក្លែងក្លាយបានបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ពីព្រោះលទ្ធភាពនៃការបញ្ចេញព័ត៌មាន ក្លែងក្លាយកាន់តែសម្បូរបែប ដោយក្នុងនោះបណ្តាញសង្គម Facebook និង TikTok គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ ជាពិសេសនៅក្នុងដំណាក់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រសួងព័ត៌មានបានបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិដែលមានគ្នាចំនួន៥រូប នៅថ្នាក់រាជធានី-ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញអំពីកម្ពុជាពិត គឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ នោះគឺស្ថានភាព និងការវិវត្តជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជាក្រោមដំបូលនៃសន្តិភាពពេញលេញ។ ព្រមទាំងចុះផលិតព័ត៌មាន ពីសក្តានុពលនៅជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹង បានលឺជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរព័ត៌មាន មិនមែនគ្រាន់តែជាអ្នកប្រមូលព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាននោះទេ ហើយក៏មិនមែនត្រឹមតែទៅយកព័ត៌មាន ហើយផ្សាយព័ត៌មាននោះដែរ។ ប៉ុន្តែ ត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ។ តួនាទីរបស់មន្ទីរព័ត៌មាន គឺជាគណៈបញ្ជាការបស់គណៈអភិបាលរាជធានី-ខេត្ត ហើយកិច្ចការងារសាធារណមតិ និងកិច្ចការងារព័ត៌មាន គឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀត ហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏លើកទឹកចិត្ត និងជំរុញឱ្យប្រធានមន្ទីរព័ត៌មានទាំងអស់ ត្រូវមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន៕