គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ប្រធានគណបក្សប្រជាជនថៃ និងគណបក្សយុត្តិធម៌ថៃ ចេញមករិះគន់ការប្រើប្រាស់សំឡេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែនកម្ពុជា-ថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ (Video inside)

14-10-2025 17:39

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្ដីជូនដំណឹងថា យោងតាមកាសែត Khaosod English ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អំពីការលើកឡើងរបស់ លោក Kannavee Suebsaeng ប្រធានគណបក្សយុត្តិធម៌ និងលោក Natthapong Ruangpanywauth ប្រធានគណបក្សប្រជាជន លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមគោរពគូសបញ្ជាក់ថា នេះគឺជាបុគ្គលទី៤ និងទី៥ ហើយ បន្ទាប់ពីលោកស្រី Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ ដោយបានទទួលស្គាល់ថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬ ទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖

លោក Kavannavee Suebsaeng បានលើកឡើងថា «ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ច ព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយដោប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ»

លោក Natthapong Ruangpanywauth បានព្រមានថា «សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ។ លោកបានបញ្ជាក់បន្ថែមថា ដោយតំបន់នោះ ស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង»