ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ

14-10-2025 19:49

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានថ្វាយព្រះមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» ក្នុងថ្ងៃបុណ្យខួបទី១៣ នៃការសោយទិវង្គតនៃអង្គព្រះនរបតី។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ទោះបីជាព្រះកាយរបស់ព្រះអង្គបានឃ្លាតឆ្ងាយពីកូនចៅ ចៅទួត ចៅលួត យ៉ាងណាក្តី តែការចងចាំពីព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្ថដ៏ថ្លៃថ្លាក្នុងការទាមទារឯករាជ្យ និងព្រះរាជកិច្ចដឹកនាំនៃអង្គសម្តេចឪ សម្ដេចតា សម្ដេចតាទួត នៅតែដក់ជាប់ក្នុងក្រឳបេះដូងរបស់ទូលបង្គំយើងខ្ញុំជានិច្ចនិរន្តន៍។

ទូលព្រះបង្គំសូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា នៃអង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយស្វាមីភក្តិជាទីបំផុត ដោយតម្កល់ជាតិ និងប្រជាជនជាចម្បង៕