រដ្ឋមន្រ្តី ជា សុមេធី៖ ជនមានពិការភាពគ-ថ្លង់ ទទួលបានសិទ្ធិពេញលេញប្រកបដោយបរិយាបន្ន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល

14-10-2025 20:18

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងឱកាសទិវាជនមានពិការភាពគ-ថ្លង់ កម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី៦៨ បានលើកឡើងថា ប្រធានបទទិវាគ-ថ្លង់ឆ្នាំនេះ គឺបង្ហាញច្បាស់អំពីចេតនារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការធ្វើ បរិយាបន្នភាសាសញ្ញាទៅក្នុងសង្គម ដើម្បីបង្កើនការយល់ដឹង និងការប្រាស្រ័យទាក់ទងគ្នាបានរវាងជន មានពិការភាពគ-ថ្លង់ជាមួយមនុស្សទូទៅក្នុងសង្គម សំដៅកាត់បន្ថយឧបសគ្គរារាំងនានា និងបង្កើនការ លើកកម្ពស់សិទ្ធិជនមានពិការភាព ជាពិសេសជនមានពិការភាពគ-ថ្លង់។លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធី ទិវាជនមានពិការភាពគ-ថ្លង់ កម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី៦៨ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នាយល់ដឹងអំពីភាសាសញ្ញានៅក្នុងសង្គម» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅ វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី រាជធានីភ្នំពេញ។

ឆ្លើយតបនឹងបញ្ហាប្រឈម និងក្រោមប្រធានបទនៃទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលើកទី១៣ និងអន្តរជាតិលើកទី៦៨ ឆ្នាំ២០២៥ នេះ ខ្ញុំសូមផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

ទី១- ក្រសួងស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ត្រូវរួមគ្នារៀបចំកែសម្រួលផាសុកវត្ថុ និងផាសុកសមរម្យនៅតាមទីសាធារណៈ កន្លែងការងារសម្រាប់ជន មានពិការភាពគ-ថ្លង់ ទទួលបានដំណឹង និងព័ត៌មាននានា រួមមាន៖ ស្លាកសញ្ញា ផ្ទាំងផ្តល់ព័ត៌មាន អ្នកបក ប្រែភាសាសញ្ញានៅតាមកម្មវិធីនានា ភាសាសញ្ញានិងអក្សររត់នៅតាមទូរទស្សន៍ បណ្តាញសង្គមនានា និង បច្ចេកវិទ្យាឌីជីថល

ទី២- គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយដាក់បញ្ចូលការងារពិការភាព ទៅក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពនីមួយៗ

ទី៣- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវសហការជាមួយវិទ្យាស្ថានជាតិ សង្គមកិច្ច និងអ្នកពាក់ព័ន្ធ រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលភាសាសញ្ញាដល់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជាគំរូសម្រាប់មន្ត្រីរាជការនៃក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្តល់សេវាជូនជនមានពិការភាពគ-ថ្លង់

ទី៤- ជនមានពិការភាពគ-ថ្លង់ មិនត្រូវអស់សង្ឃឹម ឬបោះបង់ការខិតខំរបស់ខ្លួនឡើយ ត្រូវអភិវឌ្ឍ សមត្ថភាពខ្លួន ដោយការប្រែក្លាយពិការភាពរបស់ខ្លួនទៅជាសក្តានុពល និងថាមពល ដើម្បីជម្នះគ្រប់ ឧបសគ្គចំពោះមុខ សម្រេចបានតាមគោលដៅរបស់ខ្លួន។

លោ ជា សុមេធី បានលើកឡើងថា ពាក់ព័ន្ធនឹងការសិក្សាអប់រំរបស់ជនមានពិការភាព រាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានជាតិអប់រំ ពិសេសសម្រាប់បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍសមត្ថភាពអប់រំ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈឱ្យស្របតាមស្តង់ដាសមត្ថភាពកម្រិតគុណវុឌ្ឍជាតិ និង តម្រូវការទីផ្សារការងារសម្រាប់ជនមានពិការភាពគ្រប់ៗរូប។ ទន្ទឹមនេះ វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបាន បង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ច ការអភិវឌ្ឍកម្លាំង សេវាសង្គម និងការងារស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងទិសដៅផ្តល់សេវាដល់បងប្អូនមានពិការ ភាពរបស់យើងស្របតាមលក្ខណៈបច្ចេកទេស និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។

ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំបណ្តុះបណ្តាលជំនាញ គឺជាទុនដ៏សំខាន់ សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់សិទ្ធិ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបាន ការងារ មុខរបរ និងមានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យប្រកបដោយភាពសុខុដុមរមនា។ ជាក់ស្តែង បងប្អូនមានពិការភាពមួយចំនួនបានបំពេញការងារល្អទទួល បានការទុកចិត្តពីថ្នាក់ដឹកនាំ ហើយបានក្លាយជាអ្នកដឹកនាំក្នុងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិធំៗ និងផ្នែកឯកជនផងដែរ៕