ពេញមួយយប់មិញនេះ ថៃ មិនបានចាក់សំឡេងរំខានដំណេកអ្នកភូមិព្រៃចាន់ និងជោគជ័យទៀតនោះទេ បន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់

15-10-2025 08:42

(ភ្នំពេញ)៖ ចាប់តាំងពីព្រលប់ថ្ងៃទី១៤ រហូតដល់ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សំឡេងដ៏កងរំពង និងព្រឺព្រួចខ្លាំងនោះ មិនបានបន្លឺចូលមកក្នុងភូមិព្រៃចាន់ និងភូមិ​ជោគ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យទៀតនោះឡើយ។

ប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ និងជោគជ័យ ដែលរំខានដំណេកអស់រយៈពេល៤យប់ ដោយសារការចាក់សំឡេងរបស់ថៃនោះ បានសម្រាន្តលង់លក់ពេញភ្នែកនៅយប់​មិញ​នេះ។ ការបញ្ឈប់សកម្មភាពចាក់សំឡេងរំខាននេះ បន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ទាំងខាងកម្ពុជា និងនៅក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃយប់ថ្ងៃទី១០ ខែតុលា ដែលជាថ្ងៃឱសានវាទអាជ្ញាធរ​ខេត្ត​ស្រះ​កែវ ប្រទេសថៃ សម្លុតគំរាមឱ្យពលរដ្ឋខ្មែរចេញពីដីកំណើត និងផ្ទះសម្បែង​នោះ បុគ្គលជ្រុល​និយមរបស់ថៃ កាន់ ចមផ្លាំង ត្រូវបានយោធាថៃ និងអាជ្ញាធរខេត្ត​ស្រះ​កែវ បើកដៃ​ឱ្យ​ចាក់​សំឡេងរំខានប្រជាពលរដ្ឋក្នុងភូមិជោគជ័យ និងភូមិព្រៃ​ចាន់។ សំឡេងដែលគេ​ចាក់៤យប់កន្លងទៅនោះ មានជាសំឡេងខ្មោច សំឡេងព្រាយ​បីសាច សំឡេងស្មូត្រក្នុង​ពិធីបុណ្យសពដ៏ព្រឺព្រួច សំឡេងយន្តហោះ បទចម្រៀង បូករួមជាមួយនឹងវីដេអូ​ឯកសារ​ផងដែរ។

ការចាក់សំឡេងរំខាននេះ យប់ខ្លះគេចាក់៣ ទៅ៤ដំណាក់កាល រួមមានក្បាលព្រលប់ ពាក់កណ្តាលយប់ រំលងអាធ្រាត្រ និងទៀបភ្លឺជាដើម។ រីឯថ្ងៃខ្លះទៀត គេចាក់តាំងពី​ក្បាល​ព្រលប់ រហូតដល់រំលងអាធ្រាត្រ។

សំឡេងខ្មោចព្រាយបីសាចដ៏ព្រឺព្រួច សំឡេងយន្តហោះ និងសំឡេងបទចម្រៀង​ផ្សេងៗ​ទៀត បានបង្កការរំខានយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងភូមិ ដែលរួមមាន​ជន​ចាស់​ជរា ជនមា​ន​​ពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងក្មេងតូចៗ​ជាដើម។ ការចាក់សំឡេងរំខានពេលរាត្រីនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ​សិទ្ធិមនុស្ស និងជាការធ្វើទារុណកម្មផ្លូវចិត្តអ្នកភូមិព្រៃចាន់ និងជោគជ័យផងដែរ។

បន្ទាប់ពីការចាក់សំឡេងរំខាននេះ ប្រតិកម្មត្រូវបានធ្លាក់ជាបន្តបន្ទាប់។ គណៈកម្មការ​សិទ្ធិមនុស្សកម្ពុជា បានប្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិ​​មនុស្សផងដែរ។ ក្នុងបណ្តឹងនោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូស​រំលេចថា ការចាក់សំឡេងរំខាននេះ ជាទង្វើរំលោភបំពានលើបណ្តាលិខិតុបករណ៍​សិទ្ធិម​នុស្សអន្តរជាតិរួមមាន៖ សេច​ក្ដីប្រ​កាសជាសកលស្ដីពីសិទ្ធិមនុស្ស,កតិកា​សញ្ញា​ស្តី​ពី​សិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោ​បាយ, កតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និង​វប្ប​ធម៌, អនុសញ្ញា​ស្តី​ពីសិទ្ធិ​កុមារ, អនុសញ្ញាស្តីពីការលប់បំបាត់រាល់​ទម្រង់​នៃការរើស​អើង​ប្រឆាំងនារីភេទ, អនុ​សញ្ញាស្ដីពីសិទ្ធិជនមានពិការភាព, អនុសញ្ញា​ប្រឆាំង​ទារុណ​កម្ម និងការប្រព្រឹត្តមក​លើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប។

មិនត្រឹមតែកម្ពុជានោះទេ សូម្បីអ្នកនយោបាយ មន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌​មាន​របស់​ថៃ បានចេញប្រតិកម្មជាបន្តបន្ទាប់លើទង្វើនៃការចាក់សំឡេងនេះផងដែរ។

លោកស្រី Angkhana Neelapaijit បានលើកឡើងថា រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថា រាល់សកម្មភាពទាំងឡាយណា បង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញា​ប្រឆាំង​ទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្ស​ធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ លោកស្រី បានជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលលើករណីដែលបុគ្គល កាន់ ចមផ្លាំង ប្រើប្រាស់សំឡេងខ្មោចនៅតាមព្រំដែនចូលទៅក្នុងប្រទេសកម្ពុជា។

លោក Pravin Rojanaphruk អ្នកកាសែតល្បីម្នាក់នៅថៃ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោច និងបានជំរុញឱ្យរដ្ឋាភិបាល លោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខាននេះ។ អ្នក​កាសែតរូបនេះ បានហៅការចាក់សំឡេងនេះ មិនត្រឹមតែជាការបំពានលើសិទ្ធិ និង​ដំណេក ជាសង្គ្រាមចិត្តសាស្ត្រមួយមួយប៉ុណ្ណោះទេ តែពាក្យបណ្ដឹង​មួយក៏ត្រូវបាន​ដាក់ជូនទៅកាន់អង្គការសហប្រជាជាតិផងដែរ។

លោក Pravin Rojanaphruk បានគូសរំលេចថា សូមកុំធ្វើឱ្យថៃក្លាយជា​ឃ្លាំង​ផ្ទុក​សំណើចនៅក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ក៏ព្រោះតែមនុស្សស្មោគគ្រោគ​មួយ​ចំនួនដែលគ្មានប្រយោជន៍។

លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ បាន​លើកឡើងថា ការចាក់សំឡេងនេះ គឺជាប្រតិបត្តិការខាងផ្លូវចិត្ត​ដែលពាក់​ព័ន្ធ​នឹង​សំឡេង ក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេស​អនុ​សញ្ញា​ប្រឆាំងទារុណកម្ម) និងច្បាប់ប្រទេសថៃ។

លោក Kavannavee Suebsaeng បានលើកឡើងថា «ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេង ខ្មោច គឺជាការរំលោភសិទ្ធិមនុស្ស និងជាការជាន់ឈ្លីកិត្តិយសមនុស្ស។ ពួកយើងគួរត្រឡប់មកគោរពតាមកិច្ច ព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់វេទិកាអន្តរជាតិប្រកបដោយដោប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើគ្មានរឿងនេះកើតឡើង គឺជាការល្អ។ អ្នកលេងបណ្តាញសង្គម និងយោធា ព្រមទាំងរាជរដ្ឋាភិបាល មិនត្រូវគាំទ្រសកម្មភាពរបៀបនេះឡើយ»។

លោក Natthapong Ruangpanywauth បានព្រមានថា «សកម្មភាពប្រើប្រាស់ធុងបាស់ចាក់ សំឡេងខ្មោច និងយន្តហោះចម្បាំង ទោះបីជាក្នុងគោលបំណងអ្វីក៏ដោយ គឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ ប្រជាជនកម្ពុជា រំលោភច្បាប់អន្តរជាតិ និងធ្វើឱ្យខូចមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិ។ លោកបានបញ្ជាក់បន្ថែមថា ដោយតំបន់នោះ ស្ថិតក្រោមច្បាប់អាជ្ញាសឹក រាជរដ្ឋាភិបាល និងយោធាត្រូវទទួលខុសត្រូវ ក្នុងការទប់ស្កាត់សកម្មភាព ដែលអាចបង្កើនភាពតានតឹង»។

ប្រតិកម្មជាបន្តបន្ទាប់ខាងលើនេះហើយ បានក្លាយជាសម្ពាធគ្របសង្កត់ឱ្យបុគ្គល កាន់ ចមផ្លាំង យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បញ្ចប់ទង្វើជ្រុលនិយម ខ្វះការ​គោរ​ពដល់ច្បាប់ជាសាកល តាមរយៈការចាក់សំឡេងរំខានពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ និង​ភូមិ​ជោគជ័យ។

បុគ្គល កាន់ ចមផ្លាំង ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ថៃ បានបញ្ជាក់ថា រូបគេ​ឈប់​ចាក់សំឡេងរំខានប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងជោគជ័យទៀតហើយ ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕