ខ្មែរធ្លាប់រស់នៅជំរំជាយដែន រំលឹកទង្វើអាក្រក់របស់ថៃ ធ្វើលើពលរដ្ឋខ្មែរពេល​រស់នៅតាមជំរំ, ថៃ មិនបានជួយខ្មែរទេ មានតែកេងប្រវ័ញ្ចជំនួយរបស់អង្គការ​សហប្រជាជាតិ និងកាកបាទក្រហម

15-10-2025 13:03

(បន្ទាយមានជ័យ)៖ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ជាទីតាំង​មួយដែលប្រជាពលរដ្ឋខ្មែរជាច្រើនរត់ភៀសខ្លួនមកជ្រកកោនក្នុងរង្វង់ទសវត្សរ៍៨០ ដើម្បីគេចចេញពីសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសនៅក្រោយពេលរបប​ប្រល័យ​ពូជ​សាសន៍ប៉ុលពតនាឆ្នាំ១៩៧៩។

លោក អ៊ុំ វុត្ថា (Oum Vuttha) ជាពលរដ្ឋខ្មែរមួយរូប ដែលបានរត់ភៀស​ខ្លួនមកនៅ​ជំរំលេខ០០៧ ក្នុងខេត្តបន្ទាយមានជ័យនាឆ្នាំ១៩៧៩ ហើយក៏បានភៀសខ្លួនបន្តទៅ​នៅ​សហរដ្ឋអាមេរិក។ បច្ចុប្បន្នរូបលោករស់នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក អ៊ុំ វុត្ថា និងភរិយារបស់លោកឈ្មោះ អ៊ុំ មីរ៉ាឌី បានអញ្ជើញមកលេងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន​ជ័យ ទីកន្លែងដែលកងទ័ពថៃ បានទន្ទ្រានយកដីកម្ពុជាដោយខុសច្បាប់តាម​រយៈ​ប្រើ​បន្លា​លួសព័ទ្ធយកទាំងកម្រោលកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

អញ្ជើញមកដល់ភូមិព្រៃចាន់ដែលជាអតីតជំរំជនភៀសខ្លួនរបស់ពលរដ្ឋកម្ពុជាកាលពីអតីតកាលដែរនោះ ធ្វើឱ្យលោក អ៊ុំ វុត្ថា នឹករលឹកដល់រឿងរ៉ាវជីវិតដ៏កម្សត់ពេលភៀស​ខ្លួន និង​រស់នៅជំរំកាលពីឆ្នាំ១៩៧៩ផងដែរ។

កាលនោះលោក អ៊ុំ វុត្ថា មានអាយុជាង១០ឆ្នាំ លោកបាននៅចាំរឿងរ៉ាវទាំងឡាយបាន​ឆ្លងកាត់ពេលរស់នៅជំរំ មិនត្រឹមរឿងរ៉ាវជីវិតផ្ទាល់ខ្លួននោះទេ តែក៏បានចាំនូវទង្វើ​អា​ក្រក់មួយចំនួនដែលជនជាតិថៃ បានធ្វើលើពលរដ្ឋខ្មែរនៅជំរំនាពេលនោះផងដែរ។

លោក អ៊ុំ វុត្ថា បានរំលឹកថា ជនជាតិថៃ មិនដែលបានធ្វើល្អជាមួយពលរដ្ឋខ្មែរនោះ​ឡើយ។ នៅពេលពលរដ្ឋខ្មែរចេញពីជំរំតែងរងការធ្វើបាបពីក្រុមទាហានថៃ ស្ត្រីមានរូប​សម្រស់ស្អាតត្រូវគេចាប់រំលោភ ក្មេងៗត្រូវគេចាប់កោរសក់ ហើយខ្លះទៀត​ត្រូវ​បាន​គេ​បាញ់សម្លាប់ផងដែរ។

ពាក់ព័ន្ធនឹងស្បៀងអាហារវិញ លោក វុត្ថា បានបញ្ជាក់ថា ជាការទទួលខុស​ត្រូវដោយ​អង្គ​ការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ។ ស្បៀងអាហារទាំងនោះ ត្រូវ​បាន​ចាត់ចែងដោយជាតិថៃ។ ការចាត់ចែងមិនបានត្រឹមត្រូវទៅតាមអ្វីដែលជាការ​កំណត់របស់អង្គការសហប្រជាជាតិ ឬកាកបាទក្រហមអន្តរជាតិនោះឡើយ។ លុយ​ដែល​​ទម្លាក់មក ត្រូវបានជនជាតិថៃយកទិញម្ហូបអាហារខូចគុណភាពជូរផ្អូមជាដើម ពោលថៃមិនបានជួយនោះឡើយ គេមានតែកេងប្រវ័ញ្ចជំនួយរបស់អង្គការសហប្រជា​ជាតិ និងកាកបាទក្រហមអន្តរជាតិថែមទៀត។

អតីតខ្មែររស់នៅជំរំលេខ០០៧រូបនេះ បានច្រានចោលទាំងស្រុងចំពោះខ្លឹមសារទាំង​ឡាយ​ដែលបានរៀបចំក្នុងវីដេអូឯកសារ ដែលលើកឡើងថា ថៃ បានធ្វើទង្វើសប្បុរស​មក​​លើពលរដ្ឋខ្មែរពេលភៀសខ្លួននោះ៕