ថ្នាក់ដឹកនាំខេត្តព្រៃវែង រៀបចំពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ
15-10-2025 13:06
(ព្រៃវែង)៖ លោក អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការ រៀបចំពិធីថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រៃវែង។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចយាងសោយសុខក្នុងឋានព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ជាខួប១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៥) នៃការយាងសោយទិវង្គត របស់សម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើម៕