រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ យាងសោយទីវង្គត គម្រប់ខួប១៣ឆ្នាំ

15-10-2025 13:17

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» យាងសោយទីវង្គតគម្រប់ខួប១៣ឆ្នាំ។

លោក អ៊ុន ចាន់ដា បានថ្លែងក្នុងពិធីនោះថា នៅខណៈនេះស្ថិតក្នុងទឹកមុខស្រពត់ស្រពោនក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៣ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២កន្លងទៅ។

ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្ដុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

ទូលព្រះបង្គំ ព្រះករុណា ខ្ញុំ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលមហាកុសល ដែលកូនចៅ ចៅទួតរបស់ព្រះអង្គ បានឧទ្ទិសថ្វាយនាឱកាសនេះ និងសូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ ជួយរក្សា ឃុំគ្រងទឹកដី និងប្រជារាស្ត្រនៃកម្ពុជា សូមទទួលបានសេចក្តីសុខក្សេមក្សាន្តកុំបីឃ្លៀងឃ្លាតឡើយ៕