ស្អែកនេះ កម្ពុជាប្រារព្ធពិធីអបអរខួប ២ឆ្នាំនៃការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់»

15-10-2025 13:52

(សៀមរាប)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ស្អែកនេះ កម្ពុជាប្រារព្ធខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ទន្ទឺមនឹងការប្រារព្វខួប២ឆ្នាំនេះ ក៏មានពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ខាងលើនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការប្រាព្ធខួប២ឆ្នាំនេះ គឺជាឱកាសដើម្បីអបអរសាទរខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា–ចិន ជាទំនាក់ទំនងវប្បធម៌យ៉ាងទូលំទូលាយ រវាងប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ពីប្រវត្តិ នៃការផ្លាស់ប្តូរគ្នានូវទំនាក់ទំនងវប្បធម៌ និងការទូតជាង២០០០ឆ្នាំកន្លងមក។

ដោយឡែកការតម្លើងរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងរូបសំណាកលោក «ជីវ តាក្វាន់» ជាគំនិតផ្តួចផ្តើមរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយបានទទួល កិច្ចសហការយ៉ាងជិតស្និត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក (AIAI) ដើម្បីអបអរសាទរគម្រប់ខួប២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕