ខ្មែរ-អាម៉េរិកាំង គាំទ្រភាពអត់ធ្មត់របស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន កុំឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ
15-10-2025 14:56
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក អ៊ុំ វុត្ថា (Oum Vuttha) ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងជាអតីតអ្នករស់នៅជំរំភៀសខ្លួនជាយដែនក្នុងខេត្តបន្ទាយមានជ័យ រួមជាមួយភរិយារបស់ខ្លួន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ភូមិព្រៃចាន់ ជាភូមិឋានរបស់ខ្មែរមួយ ដែលរងការទន្ទ្រានពីកងទ័ពថៃ ហើយបានរាយបន្លាលួសព័ទ្ធយកផ្ទះសម្បែង និងដីចម្ការរបស់ប្រជាពលរដ្ឋក្នុងភូមិនេះចំនួន១៩គ្រួសារ។ ពេលចុះមកដល់ភូមិនេះ លោក វុត្ថា បានសម្តែងក្តីអាណិតអាសូរជាពន់ពេកសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ដែលរងការធ្វើទុក្ខបុកម្នេញពីសំណាក់យោធាថៃ។
លោក អ៊ុំ វុត្ថា ក៏បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះយោធាថៃ ដែលបានរំលោភបំពាន និងឈ្លានពានទឹកដីកម្ពុជា ជាពិសេសការចាក់សំឡេងរំខានពេលរាត្រី ដែលជាទង្វើមួយដ៏ព្រៃផ្សៃ។ លោក វុត្ថា ក៏បានសម្តែងការកោតសរសើរចំពោះការតស៊ូអត់ធ្មត់របស់ប្រជាពលរដ្ឋក្នុងភូមិជម្នះការលំបាកដែលយាយីដោយភាគីថៃ ហើយមិនចាកចោលផ្ទះសម្បែង។
ខ្មែរអាម៉េរិកាំងរូបនេះ ក៏បានថ្លែងការគាំទ្រចំពោះភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល មិនតបដោយកម្លាំងតបការអុជអាល និងបង្កហេតុដោយភាគីថៃ ដែលនេះជាយុទ្ធសាស្ត្រមិនពង្រីកបញ្ហាឱ្យកាន់តែធំ និងបញ្ចៀសផលប៉ះពាល់លើប្រជាពលរដ្ឋរស់នៅក្នុងភូមិ៕