សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព ភរិយាទេសរដ្ឋមន្ដ្រី ឈៀង យ៉ាណារ៉ា

15-10-2025 15:19

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ មហាឧបាសិកា ឈិន រ៉ម ជាធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ត្រូវជាភរិយារបស់ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៦:១៥នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគ សោកស្ដាយ ស្រណោះ អាឡោះ អាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាមរណភាព លោកជំទាវ មហាឧបាសិកា ឈិន រ៉ែម គឺជាការបាត់បង់ឧត្តមភរិយា ម្តាយបង្កើត ម្តាយក្មេក និងជីដូន ដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់ សីលវតី ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវត្រៃសរណគមន៍ប្រកបដោយវីរិយភាពដ៏ខ្ពង់ខ្ពស់បំផុត។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាឧបាសិកា ឈិន រ៉ែម សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕