កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ ជូនមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ

15-10-2025 15:52

(ព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា បានផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនា ការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងរបស់កាកបាទក្រហមកម្ពុជា ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវឹក ចំនួន ២៣០នាក់ ស្រី ៨នាក់នៃបញ្ជាការមូលដ្ឋានសមុទ្ររាម ។

ពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក្រោមវត្តមានលោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងលោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម និងលោក Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃ(អាយ.ស៊ី.អរ.ស៊ី) ព្រមទាំងលោក គាំ សុខុម នាយកសាខា រួមជាមួយមន្រ្តីសាខា អ្នកស្មគ្រ័ចិត្ត និងកងនាវីនៃមូលដ្ឋានសមុទ្ររាម។

លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម បានសម្ដែងការស្វាគមន៍ចំពោះវត្តមានលោកស្រី ហួន ចន្ទបូរ៉ា និងក្រុមការងារកាកបាទក្រហមកម្ពុជា ក្នុងនាមមេបញ្ជាការ សូមថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំៗជួយដល់កុមារកម្ពុជារាប់សិបលាននាក់។

ដោយឡែកមូលដ្ឋានសមុទ្ររាម ជារៀងរាល់ឆ្នាំតែងតែជួយឧបត្ថម្ភគាំទ្រជាថវិកាសម្រាប់ទ្រទ្រង់ដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ផងដែរ ហើយជាការពិតណាស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះបានកំណែទម្រង់លើគ្រប់វិស័យ ដើម្បីសំដៅសម្រេចឱ្យបានចក្ខុវិស័យក្នុងការប្រែប្រួលកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅដល់ប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ទន្ទឹមជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ របស់ប្រទេសទាំងមូល កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន យ៉ាងអង់អាចក្លាហានក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការពារយ៉ាងរឹងមាំដែនកោះ-ឆ្នេរ រួមទាំងបណ្ដាភូមិសាស្ត្រពាក់ព័ន្ធដទៃទៀត ដែលថ្នាក់លើបានកំណត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងពិធីនោះដែរ លោកស្រី ហួន ចន្ទបូរ៉ា ក៏បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើ និងសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមគោរពថ្លែងអំណរគុណចំពោះស្មារតី និងការទទួលខុសត្រូវខ្ពស់របស់កងទ័ពជើងទឹកនៅឆ្នេរសមុទ្ររាម ដែលបានបំពេញភារកិច្ចត្បាត និងឃ្លាំមើលឆ្នេរសមុទ្រកម្ពុជា ព្រមទាំងការថែរក្សាអធិបតីភាព បូរណភាពដែនទឹកកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងសូមគោរពអរគុណដល់មេបញ្ជាការ ដែលបានអនុញ្ញាតឱ្យមានពិធីផ្សព្វផ្សាយនាពេលនេះ ជូនចំពោះកងនាវីនៃបញ្ជាការដ្ឋានសមុទ្ររាម ដែលបានផ្ដល់កិត្តិយសចូលរួមក្នុងវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះរបស់ចលនាការប្រើប្រាស់ និងការការពារបដិរូប ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ។

លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជាបានចាប់បដិសន្ធិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៤ និងបានទទួលស្គាល់ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ ដោយបានចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០ និងជាសមាជិកហត្ថលេខីនៃអនុញ្ញាហ្សឺណែវនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៥៨ បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍសមាគមជាតិជាច្រើនដំណាក់កាលជាពិសេសឆ្នាំ (១៩៧៥-១៩៧៩) (១៩៧៩-១៩៩២-១៩៩៤ដល់ពេលបច្ចុប្បន្ន)។

កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយបំពេញភារកិច្ចស្របទៅតាមនិយាមអន្តរជាតិ ក្នុងនោះមាត្រា១ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា បានចែងថាកាកបាទក្រហមកម្ពុជា មានកាតព្វកិច្ច ត្រូវធ្វើការផ្សព្វផ្សាយនៅចំណេះដឹង ស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ ដែលនៅក្នុងនោះមានអនុញ្ញាក្រុងហ្សឺណែវ និងគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនា និងត្រូវលើកកម្ពស់ការីកដុះដាលនៃឧត្ដមគតិមនុស្សធម៌ នៅក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសកុមារ យុវជន និងអ្នកពង្រឹងច្បាប់ ទាំងនេះជាមូលហេតុដែលកាកបាទក្រហមកម្ពុជា រួមជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងក្នុងនាមជាអ្នកឃ្លាំមើលការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ដោយគាំទ្រទាំងផ្នែកបច្ចេកទេសស្មារតីនិងថវិកាចាប់តាំងពីឆ្នាំ១៩៧៩ មកដល់ពេលបច្ចុប្បន្ន ជាពិសេសវត្តមានរបស់លោក Lloyd Gillett ប្រតិភូថ្នាក់ដឹកនាំ នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលលោកនឹងផ្ដល់ធាតុចូលយ៉ាងច្រើន ជូនអង្គពិធីជាមូលដ្ឋានក្នុងការបំពេញការងារ ដើម្បីជាធាតុចូលក្នុងការអនុវត្តនៅយុទ្ធសាស្ត្រផងដែរ។

សូមបញ្ជាក់ថា ពិធីខាងលើនេះធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, សមាសភាគរបស់ចលនា, គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា, ការប្រើប្រាស់ និងការការពារបដិរូប និងច្បាប់មនុស្សធម៌អន្តរជាតិ, កាកបាទក្រហមកម្ពុជា និងការរួមគ្នាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងនោះក្រុមការងារក៏បានចែកជូនបណ្ណអប់រំសុខភាព និងអនាម័យ ជូនដល់មេបញ្ជាការ មេបញ្ជារង នាយនាវី នាយនាវីរង និងពលនាវឹក ទាំង២៣០នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារឱ្យបានយល់ដឹងផងដែរ៕