ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា ប្រធានរដ្ឋសភាជប៉ុន ដោយលើកឡើងនូវចំណុចសំខាន់ចំនួន៧

15-10-2025 16:03

(ជប៉ុន)៖ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលា លោក NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានរបស់លោកប្រធានរដ្ឋសភា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៧ រួមមាន៖

*១៖ បានសំដែងការអបអរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាលជប៉ុនចំពោះជោគជ័យដ៏ធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា

*២៖ បានសំដែងការអបអរសាទរខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្តន័យចំពោះការអភិវឌ្ឍប្រកបដោយចិរភាពនៅទូទាំងពិភពលោក

*៣៖ បានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងញឹកញាប់ ជាពិសេសការអញ្ជើញមកបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុនកាលពីចុងខែឧសភា ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

*៤៖ បានរំលឺកឡើងវិញពីការពិភាក្សាប្រកបដោយអត្ថន័យ និងខ្លឹមសាររវាងសម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែឧសភាក្នុងឆ្នាំនេះ

*៥៖ បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា ចំពោះទំនាក់ទំនងជាមួយប្រទេសជប៉ុន ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ

*៦៖ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមចំណែកដល់ដំណើរស្វែងរកសន្តិភាព និងការផ្តល់ជំនួយអភិវឌ្ឍផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការគាំទ្រលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំនួយសង្គ្រោះបន្ទាន់ឥតសំណងប្រមាណ ១,៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់សម្រាប់ជនភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ និង

*៧៖ បានជម្រាបជូន នូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាពនិងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង, សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខ័ណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាពតំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនោះ លោកប្រធានរដ្ឋសភាជប៉ុន បានលើកឡើងដោយបានចាត់ទុកកម្ពុជាជាប្រទេសដ៏មានសារៈសំខាន់របស់ជប៉ុន បើធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។ លោកប្រធានរដ្ឋសភាជប៉ុន ក៏បាន វាយតម្លៃខ្ពស់ពីភាពរីកចម្រើនទៅមុខយ៉ាងខ្លាំងនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើលើវិស័យជាច្រើននៃប្រទេសទាំងពីរដែលត្រូវបានដំឡើងទៅជា «ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដ៏មានន័យយ៉ាងជ្រាលជ្រៅ កាលពីឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។

ជាមួយគ្នានេះ លោកប្រធានរដ្ឋសភាជប៉ុន បានអរគុណ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងដ៏ច្រើនក្នុងអាណត្តិការងារការទូតរបស់ ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែលរីកចម្រេីនជាលំដាប់នេះ៕