រដ្ឋមន្រ្តីសុខាភិបាល បន្តបណ្តុះបណ្តាលភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីក្រោមឱវាទជាង ៣ពាន់នាក់
15-10-2025 16:41
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣៣៦៣នាក់ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបាននាំពាំនូវការកោតសរសើរ ដល់វិស័យសុខាភិបាលកម្ពុជា ពីអង្គការសុខភាពពិភពលោក លើការខិតខំរបស់កម្ពុជាក្នុងការលើកកំពស់សេវាសុខភាពផ្លូវចិត្ត និងការគិតគូរកាន់តែខ្លាំងលើសុវត្ថិភាពអ្នកជំងឺ។
បន្ថែមពីលើនេះ ការខិតខំប្រឹងប្រែងផ្តល់សេវាថែទាំ និងព្យាបាលរបស់មន្ត្រីសុខាភិបាល ក៏ត្រូវបានកត់សំគាល់ជាវិជ្ជមានដោយអាជ្ញាធរមូលដ្ឋាន និងឥស្សរជនកម្ពុជា ជាបន្តបន្ទាប់។ លទ្ធផលទាំងអស់នេះ គឺកើតចេញពីការរួមរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់ៗរូប។
ជាកិច្ចបន្តលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទផ្តោតលើ វិធីសាស្រ្តធ្វើការងាររបស់ អ្នកដឹកនាំ ចំនួន២ចំនុច រួមមាន (១) អ្នកដឹកនាំត្រូវកំណត់គោលដៅអោយបានច្បាស់ ដែលគោលដៅនោះមានភាពសាមញ្ញអាចអោយបូគ្គលិកគ្រប់រូបអាចយល់បាន និង (២) អ្នកដឹកនាំត្រូវរិះរកវិធីសាស្រ្តសម្រាប់ឈានទៅសម្រេចគោលដៅនោះ ដោយប្រមូលធាតុចូលពីក្រុមការងារទាំងមូល និងធ្វើការពិចារណាអោយបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេច។
បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានចែករំលែកលើប្រធានបទវិចារវិជ្ជាសម្ភារៈនិយម ដោយលើកយក (១) ទំនាក់ទំនងរវាងការយល់ដឹងដោយវេទនារម្មណ៍ និងវិចារណញាណ និង(២) តួរនាទីនៃការអនុវត្តជាក់ស្តែងក្នុងការយល់ដឹងរបស់មនុស្ស មកធ្វើការពន្យល់បកស្រាយ។
ជាកិច្ចបន្ត ក្រុមការងារនៃមន្ទីរពេទ្យគន្ធបុប្ផា បានលើកយកប្រធានបទស្តីពីការបង្កើតសេវាព្យាបាលជំងឺដុំមហារីកលើកុមារមកបង្ហាញ។ បន្ទាប់ពីមានការសាកសួរ និងការចូលរួមពីមន្ទីរពេទ្យជាតិផ្សេងៗយើងអាចធ្វើការសន្និដ្ឋានថា ការបង្កើតសេវាព្យាបាលថ្មីៗនៅតាមមន្ទីរពេទ្យ ត្រូវតែផ្សារភ្ចាប់នឹងតម្រូវការរបស់សេវា និងយន្តការធានានិរន្តរភាពរបស់សេវា៕