លោកបណ្ឌិត យង់ ពៅ អំពាវនាវកុំរុញបញ្ហាជាមួយកូរ៉េខាងត្បូង ទៅជាការតានតឹងភូមិសាស្ត្រនយោបាយ

15-10-2025 16:54

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់លោក មកកាន់បណ្ដាញព័ត៌មាន Fresh News ជុំវិញករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង នៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនជាទស្សនៈផ្ទាល់ខ្លួន ការបណ្ដោយឱ្យមានករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ពោលគឺខេត្តកំពត។ នេះជារឿងដែលមិនអាចទទួលយកបានទេ ដែលរឿងនេះជាករណីឆរបោកជាសាកល ខណៈក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្ម ធ្វើឱ្យកម្ពុជាក្លាយទៅជារូបភាពនយោបាយនៃប្រទេសរងគ្រោះ ហើយត្រូវបានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន បែរជាចង្អុលមុខមកកម្ពុជា ដែលហាក់ដូចជារឿងនេះកើតឡើងតែនៅប្រទេសកម្ពុជាតែមួយ។

ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការទទួលខុសត្រូវចំពោះបញ្ហានេះ ហើយបានចាត់វិធានការជាហូរហែរ ដែលតាមខ្ញុំបានឃើញ គឺរាជរដ្ឋាភិបាលមានចំណាត់ការយ៉ាងសកម្ម ទៅលើបញ្ហានេះ ដើម្បីឆ្លើយតបយ៉ាងសមស្របចំពោះមុខ និងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាល។

ខ្ញុំក៏គួរគូសបញ្ជាក់ផងដែរថា ចំពោះករណីនេះ អ្នកវិភាគមួយចំនួន ក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗ មិនគួរប្រញាប់ប្រញាល់ពេកក្នុងការទាញភ្ជាប់កម្ពុជានឹងបណ្ដាញនេះ ឬ បណ្ដាញនោះ នៃប្រទេសណាមួយនោះទេ។ គេមិនគួរទាញភ្ជាប់នាំឱ្យមានហេតុផល ដែលឈានទៅដល់ការតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយ ខណៈភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់។

ម្យ៉ាងទៀត ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះ គេគួរតែទុកឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច រាជរដ្ឋាភិបាល និងប្រទេសពាក់ព័ន្ធ (ក្នុងករណីមាន) ជាអ្នកបកស្រាយឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ ការទូត និងគោលការណ៍អន្តរជាតិ។ មិនគួរមានការបកស្រាយដោយផ្អែកលើទស្សនៈបុគ្គល ដែលនាំទៅដល់ការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយឡើយ»៕