ជនភៀសសឹកខេត្តព្រះវិហារ ២,៣២៩គ្រួសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

15-10-2025 18:01

(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំចម្អិនម្ហូបអាហារចំនួន២ពេល ប្រចាំថ្ងៃផ្គត់ផ្គង់ជនភៀសសឹកចំនួន២គោលដៅ ក្នុងខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ។

នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តចាត់ចែងក្រុមការងារសហព័ន្ធចម្អិនម្ហូបជូនជនភៀសសឹក ២គោលដៅ គឺជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៤៨គ្រួសារ ស្មើ ៦,៣៥៧នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន៤៨១គ្រួសារ ស្មើ១,៣៥៨នាក់ ដែលមានសរុបចំនួន២,៥៣០គ្រួសារ ស្មើ៧,៧១៥នាក់។

សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធ បានដឹកនាំក្រុមយុវជនរាប់នាក់ ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត៧ម៉ឺននាក់ ១១គោលដៅ បានមកទទួលម្ហូបរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន២ពេល ជារៀងរាល់ថ្ងៃ៕